0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​ស្រូវពូជ​ជាង ៥០០​តោន ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ​។

​តាម​របាយការណ៍​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ បាន​ធ្វើឱ្យ​ប៉ះពាល់​ក្រុង ស្រុក​ចំនួន​៨ រួមមាន​៖ ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ម៉ាឡៃ​។ ទឹកជំនន់​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ១៥,៥០៦​គ្រួសារ ស្មើ​នឹង​ប្រមាណ ៦៥,៦៨៨​នាក់ ប៉ះពាល់​ស្រូវ ៣៦,០៥៩​ហិកតា ដំឡូង​មី ២,៨៩៩​ហិកតា ដំណាំ​រួមផ្សំ ១២៨​ហិកតា សត្វពាហនៈ ២,៨៦៧​ក្បាល សាលារៀន​៧៥ វត្ត​៣៨ មណ្ឌល​សុខភាព​៧ និង​ផ្លូវ ៨០២​កន្លែង មាន​ប្រវែង ៤០៦,២៩៥​ម៉ែត្រ​។ កន្លងមកនេះ អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត បានធ្វើ​សកម្មភាព​សស្រាក់សស្រាំ​ចុះជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ការ​ជន់​លិច និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជា​បន្តបន្ទាប់​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​នូវ​ព្រះរាជ​បណ្តាំ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់​នាពេលនេះ ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ខិតខំ​ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​នូវ​គ្រោះទឹកជំនន់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្តេច​បាន​ទុក​អង្ករ​ចំនួន ១០០​តោន និង​ថវិកា ១០​ម៉ឺន​ដុល្លារ សម្រាប់​ឱ្យ​អាជ្ញាធរ​ខេត្ត​ទុក​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ទាក់ទង​ទៅនឹង​ស្ថានភាព​កូវី​ដ​-១៩​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា​០៣​ថ្ងៃ​កន្លងមកនេះ យើង​មិន​មាន​ករណី​ឆ្លងកូវី​ដ​-១៩​ថ្មី​នោះ​ទេ សូម្បី​តែ​ម្នាក់ នេះ​ជា​ភាពជោគជ័យ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​-១៩ ទទួលបាន​ភាពជោគជ័យ​ទើប​យើង​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅក្នុង​សង្គម​បាន​ឡើងវិញ​។​សម្តេច​តេជោ បញ្ជាក់ថា​នេះ​ហើយ​ជា​ជោគជ័យ​នៃ​គោលនយោបាយ​នៃ​ការចាក់​វ៉ាក់សាំង​។​

​ទាក់ទង​ទៅនឹង​ខួប​លើក​ទី​៣១​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​ថ្លែងអំណរគុណ​ដល់​អន្តរ​ជាតិ ដែល​បាន​ជួយ​សម្របសម្រួល​នាំឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍រំ​ឭក​អំពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​ឈាន​ទៅ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ សម្តេច​តេជោ​សិក្សា​បន្ថែម​ទៀត​ថា នយោបាយ​ឈ្នះ​-​ឈ្នះ បានធ្វើឱ្យ​កម្ពុជា​បញ្ចប់សង្គ្រាម ដោយ​មិន​ចំណាយ​គ្រាប់កាំភ្លើង និង​មិន​មាន​ការ​បង្ហូរឈាម​។ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ពេល​កន្លង​ទៅ​។ សម្តេច​តេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋ​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!