ប៉ៃលិន៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដាក់ផែនការចាំបាច់ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច របស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការការពារសន្តិសុខសណ្តាប់ និងការផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ក្នុងអន្តរកាល នៃការកែរសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នា ដោះស្រាយបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២ ហើយជាលទ្ធផល បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ និងបានធ្វើឯកសារួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ ។
លោកជំទាវប្រធាន ក៍បានបញ្ជាក់ដែរថា៖ បន្ទាប់ពីការឯកភាពគ្នាដោះស្រាយបញ្ចប់បញ្ហាព្រំប្រទល់ខេត្តមិនច្បាស់លាស់រួចមក ខេត្តប៉ៃលិន ត្រូវបានផ្ទេរការគ្រប់គ្រងភូមិសាស្ត្រមូលដ្ឋានថ្មីមួយចំនួន ពីខេត្តបាត់ដំបង ដូច្នេះក្នុងអន្តរកាលមិនទាន់មានព្រះរាជក្រឹត្យថ្មី សូមអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវសហការ និងស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរទាំងសងខាង ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ អោយយល់ដឹងពីការកែរសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មីនេះ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវសហការគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមបង្ក្រាប ទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ ។
ជាមួយគ្នានេះលោកជំទាវ បាន ស្រីមុំ ប្រធាន ក៍បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង/ ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយខេត្តបាត់ដំបង ជួយសម្របសម្រួល និងជំរុញអោយប្រជាពលរដ្ឋ នៅភូមិសាស្ត្រកែរសម្រួលការគ្រប់គ្រងរដ្ឋបាលថ្មី ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានឯកសារទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសជំរុញអោយពួកគាត់ ទៅចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នា ដោះស្រាយបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២ ដូច្នេះខេត្តប៉ៃលិន ទទួលបានភូមិសាស្ត្រការគ្រប់គ្រងរដ្ឋបាលថ្មីមួយចំនួនពីខេត្តបាត់ដំបង មានដូចជា៖ ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង មានផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា, ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានផ្ទៃដី ទាំង ២ភូមិ សរុប ១.៣៤៨,៤២ ហិកតា, ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត មានផ្ទៃដី ចំនួន ៨.៣០១ ហិកតាផងដែរ ៕