បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង កាលពីម៉ោង១២និង១៥នាទី ថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ មុខសណ្ឋាគារឃីង ភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបង ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តវីហ្គូបើកបុកម៉ូតូបញ្ច្រាស់ទិសគ្នាបណ្តាលអោយបុរសម្នាក់រងរបួស បន្ទាប់មករថយន្តរ៉េចង្កូតធ្លាក់ចូលស្ទឹងសង្កែរួចអ្នកបើកបរគេចខ្លួនបាត់ ចំណែកជនរងគ្រោះថាជាការប៉ុនប៉ងធ្វើឃាត។
ប្រភពពីមន្ត្រីអាវុធហត្ថបានអោយដឹងថា ម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៤ គ្មានស្លាកលេខ និងម្ចាស់រថយន្តម៉ាកវីហ្គូ ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ2S9558ជាអ្នកនៅខេត្តកំពង់ចាមដូចគ្នា ។
មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា ជនរងគ្រោះជិះម៉ូតូ មានឈ្មោះសំវ៉ាភេទប្រុសអាយុ៤០ឆ្នាំ រងរបួសជើងស្តាំ ទ្រូង មុខមាត់និងដៃ រស់នៅភូមិសង្គមថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំណែកអ្នកបើកបររថយន្តវីហ្គូមិនស្គាល់សាវតា ។
ប្រភពសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តវីហ្គូពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ2S9558 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច ពេលមកដល់ផ្លូវបំបែកបានបត់ស្តាំដៃប្តូរទិសដៅពីត្បូងទៅជើង ភ្លាមនោះ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខជិះម្នាក់ឯងដែរ បើកបញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង មកដល់មុខសណ្ឋាគារឃីងបានបុកគ្នា បណ្តាលអោយបុរសម្នាក់ភាគីខាងម៉ូតូរងរបួស ។ បន្ទាប់មករថយន្តរ៉េចង្កូតធ្លាក់ចូលស្ទឹងសង្កែ ហើយម្ចាស់រថយន្តបើកទ្វារត់គេចខ្លួនបាត់តែម្តង។
ជនរងគ្រោះជិះម៉ូតូមានឈ្មោះ សំ វ៉ា បានប្រាប់ក្រុមអ្នកយកព័តមានថា នេះមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេអាចជាករណីប៉ងធ្វើឃាត ព្រោះរូបលោកនៅសុខៗ មានគេទូរស័ព្ទគំរាម ។ (ជនរងគ្រោះមិនបានបញ្ជាក់ពីបញ្ហាប៉ងសម្លាប់ ដោយសារទាក់ទងប្រពន្ធគេ ឬមានរឿងអ្វីផ្សេងនោះទេ) ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីកើតហេតុរថយន្តបង្ក និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តបាត់ដំបង ដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ ៕