នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សានាគរង្សី ១ខ្នង ៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ ១ខ្នង ៥បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងពិធីសម្ពោធនេះដែរ ក៏មានការចូលរួមពីព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ សរុបចំនួនជាង៦០០នាក់។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើក្នុងអង្គពិធីនេះ ដើម្បីជំរុញក្នុងដំណើរការរួមចំណែកដឹកនាំកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូររុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាល ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន២ខ្នងខាងលើនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចផ្ទាល់ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំរោងដំរី ស្រុកបាភ្នំ បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សឱ្យប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕