បាត់ដំបង ៖ បុរសម្នាក់លួងលោមរំលោភក្មួយស្រី អនិតិជន អាយុ ១៥ ឆ្នាំ បានសម្រេច៤ដង គំរាមសំលាប់ចោល បែកការណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ។
បុរសសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅផ្ទះ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៤ នៅចំណុចក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនបានឲ្យដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ៅ កឹង ហៅកុយ អាយុ២៧ឆ្នាំត្រូវជាឪពុកមាជនរងគ្រោះ រស់នៅក្រុមទី១០ភូមិគោកពន្លៃសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (ត្រូវជាប្អូនជីដូនមួយឪពុកជនរងគ្រោះ) ។ ចំណែកជនរងគ្រោះ មានឈ្មោះរជអាយុ១៥ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យដែលជាឪពុកមា បានបបួលខ្លួនទៅលេងផ្ទះមួយកន្លែង ដែលម្ចាស់គេទុកចោលចម្ងាយពីផ្ទះខ្លួនប្រហែល៦០ម៉ែត្រ ពេលគាត់នាំទៅលួងលោមឱបថើបរំលោភ រួចហើយគាត់បាននិយាយគម្រាមថា កុំឲ្យប្រាប់ឲ្យគេដឹង ប្រយ័ត្នសម្លាប់ចោល ។ ថ្ងៃបន្ទាប់មកទៀត ឪពុកមាបានហៅខ្លួនតាមទូរស័ព្ទណាត់ជួបនៅកន្លែងដដែលហើយរំលោភ២ដងទៀតក្រោយមក ខ្លួនបាននិយាយរឿងនេះប្រាប់មិត្តភ័ក្តិស្រាប់តែឮដល់ម្តាយដឹងរឿងបានសួរនាំ ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចតែម្តង ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តចាប់រំលោភក្មួយស្រី បានសម្រេច៤ដងពិតប្រាកដមែន មិនមានការបង្ខិតបង្ខំទេគឺដោយសារស្រឡាញ់គ្នា។
មន្ត្រីនគរបាលដដែលបានអោយដឹងថា ក្មេងស្រីរងគ្រោះត្រូវបានអង្គការបន្ទាយស្រីយកទៅធ្វើកោសល្យវិច័យនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចំណែកជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាកានៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី ៕