0

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១១​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង ប្រារព្ធ​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នេះ​នឹង​ផ្ដោត​លើ​ខ្លឹមសារ​សង្ខេប​អំពី​លទ្ធផល​ការ​ការងារ​នៅ​ឆ្នាំ​២០២១ ទិសដៅ​ឆ្នាំ​២០២២ ពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ តាមរយៈ​របាយការណ៍​សង្ខេប​ពី​ប្រធាន​គណបក្ស​ខេត្ត និង​របាយការណ៍​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស ព្រមទាំង​ផ្ដល់ឱកាស​ឱ្យ​អង្គប្រជុំ​ចូលរួម​ផ្ដល់​យោបល់​អំពី​បញ្ហា​ប្រឈម ដើម្បី​ស្វែងរក​ដំណោះស្រាយ​នាឱកាស​នេះ​។

​បន្ទាប់​ពី​អង្គប្រជុំ​បាន​ស្ដាប់​របាយការណ៍​ការងា​រ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ព្រៃវែង​ថ្លែង​ដោយ​ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ព្រមទាំង​បាន​ស្ដាប់​នូវ​ការឡើង​ថ្លែង​មតិ​ចំណាប់អារម្មណ៍​ជា​បន្តបន្ទាប់​ពី​តំណាង​គណបក្ស​ក្រុង ស្រុក សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស ក៏​បាន​មានប្រសាសន៍​ទៅកាន់​អង្គប្រជុំ​អំពី​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​លើ​ពិភពលោក ស្ថាភាព​ជំងឺ​កូវី​ដ​-១៩​ប្រភេទ​អូ​មី​ក្រុង ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​តេជោ​ជាដើម​។

​សម្ដេច​បន្ត​ថា​ទោះបីជា​នៅ​ឆ្នាំ​២០២១ មាន​ការបន្ត​ប្រឈមុខ​ខ្ពស់នឹង​ជំងឺឆ្លង​កូវី​ដ​-១៩ ក៏​កម្ពុជា​នៅតែ​អាច​បន្ត​រក្សា​បាន​សុខសន្តិភាព និង​ស្ថិរភាព​ជាតិ បង្ក​លក្ខណៈ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ក្នុងនោះ​ក៏​រួម​ទាំង​ការត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នា​ពេល​ខាង​មុខ​ផង​ដែរ​។

​សម្ដេច​ក៏​បាន​សម្ដែង​ការកោតសរសើរ​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ព្រៃវែង​ដែល​បាន​បំពេញ​ភារកិច្ច​ជា​ច្រើន​សម្រាប់​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ រួម​ទាំង​ការរៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។

​សម្ដេច​ក៏​បាន​ផ្ដាំផ្ញើ​ទៀតថា កិច្ច​ការ​បន្ត​ចាប់ពី​ពេលនេះ​ទៅ ការប្រមូលផ្ដុំ​គ្នា​ចុះ​ទៅ​កាន់​មូលដ្ឋាន​ប្រជាពលរដ្ឋ ជាពិសេស​ចូលរួម​ផ្ដល់​ការគាំទ្រ​ដល់​បេក្ខជន បេ​ក្ខ​នារី​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ឱ្យធ្វើ​សកម្មភាព​នានា​នៅ​មូលដ្ឋាន​គឺជា​អាទិភាព ហើយ​ទន្ទឹមនឹងនេះ​ត្រូវ​រួមគ្នា​ប្រមូល​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​មក​ដោះស្រាយ ដោយ​គ្មាន​ការលាក់លៀម ខិតខំ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ល្អ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ធ្វើ​អំពើ​ល្អ​ដោយ​ការ​មិន​រំលោភ​អំណាច មិន​បំពាន​សិទ្ធិ សេរីភាព​ប្រជាពលរដ្ឋ និង​ត្រូវ​ពង្រឹងគុណភាព​សមាជិក​មាន​ស្រាប់ ព្រមទាំង​ពង្រីក​សមាជិក​ថ្មី​បន្ថែម​។

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម​ក៏បាន​គូសបញ្ជាក់​អំពី​ការបន្ត​ប្រព្រឹត្តទៅ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សារៈសំខាន់​នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព គ្រោះថ្នាក់​ចរ​ចរណ៍ ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​ការ​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។

​សម្ដេច​បាន​បន្ត​ស្នើឱ្យ​អាជ្ញាធរ​បង្កើន​ការយកចិត្ត​ទុក​បញ្ហា​គ្រឿងញៀន ហើយ​ឪពុកម្ដាយ អាណាព្យាបាល​ត្រូវ​ជួយ​ទប់ស្កាត់​ក្រុមគ្រួសារ​កុំឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

​មុន​នឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​ផ្ដល់​អនុសាសន៍​ផ្ដាំផ្ញើ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិការ​គណ​បក្ស​ខេត្តព្រៃវែង បន្ត​ខិតខំ​រួម​គ្នា​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ទៅ​តាម​ផែនកា​រ និង​ប្រតិទិន​នៃ​ការបោះឆ្នោត រួម​ទាំង​ការរៀបចំ​ភ្នាក់ងារ​គណបក្ស អ្នក​សង្កេតការណ៍​បោះឆ្នោត​។

​សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ស្មារតី​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ដល់​សមាជិក​សមាជិការ​នៅតាម​មូលដ្ឋាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!