បាត់ដំបង ៖ យុវជនសិស្សសង្ស័យពួកមិត្តភ័ក្តនាំទៅកាប់គ្នា ជាមួយសិស្ស ២ នាក់ទៀត ដែលឌឺដងមើលមុខ ត្រូវប៉ូលីសចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នៅផ្លូវលេខ ២ មុខគ្លីនីកផ្សារណាត់ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បញ្ជូនទៅស្នងការដ្ឋាន ឯមិត្តភ័ក្តគេចខ្លួនបាត់។
យុវសិស្សសង្ស័យ ប្រើអំពើហិង្សាដោយចេតនា មានអាវុធបញ្ជូន ទៅតុលាការ កាលពីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
លោក សម សុផុន នាយផ្នែកនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា យុវជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ អេង សុវណ្ណជេស្តា អាយុ ១៨ឆ្នាំ និស្សិតឆ្នាំទី១ នៅសាលាវិទ្យាល័យ បាត់ដំបង មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ។ ចំណែកជនរងគ្រោះមាន៖ ១ ឈ្មោះ ពៅ ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យព្រះមុនីវង្ស រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី២ ឈ្មោះ ហេង ណូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យព្រះមុនីវង្ស រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។វត្ថុតាងដកហូតបានមាន ដាវសាម៉ូរ៉ៃ ១ដើម កាបូបស្ពាយ១ និងម៉ូតូ១គ្រឿង។
ជនរងគ្រោះឈ្មោះ ពៅ ពន្លកនិងឈ្មោះ ហេង ណូរ៉ាបានអោយដឹងថា កាលព្រឹកថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីហូបបាយ នៅសាលាសោហឺ តាមផ្លូវលេខ ២ ឆ្ពោះទៅទិសត្បូង ហើយឃើញយុវសិស្ស ២ នាក់ជិះម៉ូតូ ១ គ្រឿង បញ្ច្រាស់ទិសគ្នា បន្ទាប់មកម៉ូតូរបស់យុវសិស្សនោះ បានជិះត្រឡប់ពីក្រោយម៉ូតូពួកខ្លួនវិញ ។ ពេលម៉ូតូជិះស្របគ្នានោះ ពួកយុវសិស្សសង្ស័យបានយកដាវសាម៉ូរ៉ៃកាប់មកលើពួកខ្លួន ចំណែកពួកខ្ញុំជាជនរងគ្រោះ បានដោះស្បែកជើងគប់វាវិញ តែមិនត្រូវ ។ ភ្លាមនោះ ក្រុមសង្ស័យបានឈប់ម៉ូតូ ឈ្មោះ ឌី បានចុះពីលើម៉ូតូដេញកាប់ ពួកខ្លួនបានរត់គេចខ្លួនចូលផ្សារណាត់ ហើយសមត្ថកិច្ចមកដល់តែម្តង ។
យុវសិស្សសង្ស័យឈ្មោះ អេង សុវណ្ណជេស្តា បានសារភាពថា កាលពីព្រឹកកើតហេតុ ខ្លួនបានជួបឈ្មោះ ឌី នៅកន្លែងហូបបាយ សាលាមុន្នីវង្ស បន្ទាប់មកឈ្មោះ ឌី បានអោយខ្លួនស្ពាយកាបូប ដាក់ដាវទៅកាប់សិស្ស ២ នាក់ ដែលឌឺដាក់ឈ្មោះ ឌី ។ ពេលជិះម៉ូតូដល់មុខគ្លីនីគផ្សារណាត់ ពួកនោះបានដោះស្បែកជើង គប់លើពួកខ្លួន ។ ពេលនោះ ឈ្មោះ ឌី បានចុះពីលើម៉ូតូ ដេញកាប់ពួកវា ហើយសមត្ថកិច្ចក៏មកដល់ ។ ខ្លួនឈ្មោះ អេង សុវណ្ណជេស្តា បានបើកម៉ូតូគេចដែរ តែគេចមិនទាន់ ក៏ត្រូវចាប់ខ្លួនតែម្តង ។
លោក សម សុផុន បានបញ្ជាក់ថា យុវសិស្សសង្ស័យឈ្មោះ អេង សុវណ្ណជេស្តា និងវត្ថុតាង ដកហូត ដាវសាម៉ូរ៉ៃ១ដើម ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល កសាងសំណុំរឿង ពីបទហិង្សា ដោយចេតនា មានអាវុធបញ្ជូន ទៅតុលាការ កាលពីព្រឹក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕