លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់ និងលោកជំទាវ និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ តំណាងរាស្ត្រ បានអញ្ជើញ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ ដែលមកពីតាមបណ្ដាខេត្ត ទាំង៣ នៅចំណុច ក ដប ដែលមានព្រំប្រទល់ព្រំដែនដឹករវាងខេត្តទាំង ៣ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅចំណុច ក ដប នេះ គឺជាព្រំប្រទល់ទឹករវាងខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ តំបន់នេះជាតំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប ទាំងក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វ និងជាទីកន្លែងដ៏សក្តិសិទ្ធ ដែលប្រសិទ្ធិនាមថា តំបន់ ក ដប ប្រកបដោយសិល អ្នកបានទៅដល់មិនចង់វិលវិញ ដោយសារតំបន់នេះត្រជាក់ល្អ និងមានបរិស្ថានល្អ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និង សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឲ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត ។
បន្ទាប់ពីពិធីបួងសួងចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានរំលឹកនូវអនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ កាលពីម្សិលម៉ិញ អំពីការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនូវកូវីដ ១៩ ប្រភេទអូមីក្រុង ដោយសារតួលេខនៃការឆ្លង គឺមានចំនួន លើសពី ២០០នាក់ ក្នុងមួយថ្ងៃ។ លោកជំទាវក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្ន និងប្រើប្រាស់ម៉ាស់ លាងដៃ និងការរក្សាគម្លាត ដើម្បីជៀសវាងការ ជួបជុំណាដែលមានមនុស្សច្រើន ។ លោកជំទាវបានបន្តទៀតថា យើងមិនត្រូវឲ្យជោគជ័យរបស់យើងធ្លាក់ទៅក្នុងស្ថានភាពបរាជ័យនោះទេ ជាមួយគ្នានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅទទួលយកវ៉ាក់សាំងឲ្យបាគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបាននូវវិធានការ ៣កុំ និង៣កាពារ ។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ២៩៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី មួយកេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន៥ម៉ឺនរៀល ។
ដោយឡែកគ្រួសារដែលមានកូនភ្លោះ៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីលោកជំទាវកិត្តិសង្គហបណ្ឌិត ចំនួន១លាន២០ម៉ឺនរៀលផងដែរ ៕