0

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា​បារាំង​ប្រចាំ​កម្ពុជា មាន​និវេស្សនដ្ឋាន​នៅ​ប្រទេស​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា​បារាំង​ប្រចាំ​កម្ពុជា មាន​និវេស្សនដ្ឋាន​នៅ​ប្រទេស​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​អនុញាតិ​ឲ្យ​លោក វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិក ដូម៉ាស អនុព័ន្ធ​យោធា​បារាំង​ប្រចាំ​កម្ពុជា ដែល​មាន​និវេស្សនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គបញ្ជាការដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះ លោក វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិក ដូម៉ាស បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​របស់​កង​យោធពល​ខេមរភូមិន្ទ នៅ​ក្នុង​ការបញ្ជូន​កង​ទ័ព​មួក​ខៀវ​កម្ពុជា ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដែល​បេសកកម្ម​កម្ម​ទាំងនោះ​ភាគច្រើន​នៅ​តំបន់​ប្រើប្រាស់​ភាសា​បារាំង ហើយ​កងទ័ព​មួក​ខៀវ​កម្ពុជា​អាច​ប្រើប្រាស់​ភាសា​បារាំង​បានល្អ​។​

​លោក វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិក ដូម៉ាស បានបញ្ជាក់​ថា កន្លងមកនេះ​កងទ័ព​បារាំង​មាន​តួនាទី​សំខាន់ នៅ​ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ដល់​កង​យោធពល​ខេមរភូមិន្ទ ពិសេស​លើ​ផ្នែក​ភាសា​បារាំង ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ លោក​សង្ឃឹម​ថា​កងទ័ព​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ការ​មក​បំពេញ​បេសកកម្ម​កា​ទូត​នៅ​កម្ពុជា​របស់​លោក វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិក ដូម៉ាស ព្រមទាំង​បាន​លើកឡើង​ជុំវិញ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ រហូត​ធ្វើឱ្យ​មាន​សភាព​ធូរស្រាល​មក​ដល់​បច្ចុប្បន្ន ។​

​ពាក់ព័ន្ធ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ការជួយ​ជ្រោមជ្រែង​របស់​ប្រទេស​បារាំង​ដល់​កម្ពុជា ពិសេស​នៅ​ក្នុង​ការជួយ​សម្របសម្រួល​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហើយ​ឈានដល់​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។​

​នាយ​ឧត្តមសេនីយ៍​បន្ត​ថា នៅ​ឆ្នាំ​១៩៩៤ ប្រទេស​បារាំង​បាន​ជួយ​ដល់​កង​យោធពលខេមរភូមិន្ទ ក្នុង​ការកសាង​ធនធានមនុស្ស ការផ្ដល់​សម្ភារ ថវិកា និង​មធ្យោបាយ​ផ្សេងៗ​ផងដែរ ។​

​នាយ​ឧត្តមសេនីយ៍ អគ្គបញ្ជាការ សង្ឃឹមថា បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​បាន​ធូរស្រាល កងទ័ព​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!