នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញនាំយកអង្ករចំនួន ២៧ការ៉ុង, ស៉ីម៉ង់ត៍ ២៧ការ៉ុង, មី ១៨កេះ, ទឹកត្រី ៩យួរ, ទឹកស៊ីអ៉ីវ ៩យួរ, អាវរងា ១៨អាវ, មុង ១៨, ជែលលាងដៃ ២៧ដប និងថវិកាចំនួន ៩០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុងកាលពីថ្ងៃទី ០៦ខែកុម្ភៈឆ្នាំ២០២២ នៅភូមិកំពង់បាស្រូវជើង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ស្ថិតក្នុងឱកាសនេះដែរ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុត របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង មិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ” ។
ជាចុងបញ្ចប់ ក្រុមគ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕