(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកពារាំង ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ ព្រមទាំងប្រគល់ភារកិច្ចពីពេលនេះ ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទីស្នាក់ការគណបក្សស្រុកពារាំង។
លោក ឈុន សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង បានធ្វើរបាយការណ៍គូសរំលេចពីកិច្ចសហការរបស់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ជាមួយក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន ពិសេសការចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាជនឲ្យអនុវត្តនូវវិធានការការពារជំងឺឆ្លង និងជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
មានមតិនាឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះមន្ត្រីក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ ធ្វើឱ្យប្រជាជនមានភាពកក់ក្តៅ ជឿជាក់លើការដឹកនាំរបស់គណបក្ស និងការដឹកនាំរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវក្តាប់ជាប់តួនាទីភារកិច្ចនៅមូលដ្ឋាន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបន្តធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់ជាប់រាល់សំណូមពរ និងការលំបាករបស់ប្រជាជន។
ទន្ទឹមនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ បន្តជម្រុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺផកូវីដ-១៩ និងផ្សព្វផ្សាយ អប់រំប្រជាជនឲ្យយកចិត្តទុកដាក់អនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល៕