(ត្បូងឃ្មុំ)៖ សមិទ្ធផលនានារួមមានផ្លូវ១ខ្សែប្រវែង៨០០ម៉ែត្រសាឡុំមួយខ្នង សាលាបុណ្យមួយខ្នង កុដិ២ខ្នងមាន៧បន្ទប់បង្គោលភ្លើងធំៗចំនួន៣០ដើម ដងទង់ជាតិចំនួន៣០ដើម អណ្តូងទឹក១ បន្ទប់អនាម័យ០៨បន្ទប់ និងសាលារៀនមួយខ្នងមាន០៣បន្ទប់ នៅក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ភោធអោយព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។
ពិធីនេះត្រូវបានប្រព្រឹត្តិទៅនាថ្ងៃសៅរ៏ ៤កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មាស សំណាង អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកសេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំរួចមក ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនជូនព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តតេជសុវណ្ណភូមិទាំងអស់ ដែលជានិច្ចកាល សម្តេច និងឯកឧត្តមបណ្ឌិតតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តម ចាយ បូរិន បានលើកឡើងថា តាមរយៈសមិទ្ធិផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត។ ហើយអ្វីៗដែលយើងមានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សានិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀតបាន។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ចាយ បូរិន ក៏បានធ្វើការអំពាវនាវសូមឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកតំណាងរាស្ត្រ ចាយ បូរិន បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិទុកកសាងសមិទ្ធផលបន្តទៀត និងបានប្រគេនដល់ព្រះសង្ឃគ្រប់អង្គ ចែកជូនវត្ថុអនុស្សាវរីយ៍ជូនពុទ្ធបរិស័ទ លោកតាលោកយាយ ប្រជាពលរដ្ឋក្រុមប្រឹក្សាឃុំ កម្លាំងការពារ យុវជន-យុវជនកាយឬទ្ធិគ្រូពេទ្យ សិស្សានុសិស្ស ដែលចូលរួមផងដែរ។
បន្ទាប់មកឯកឧត្តម ចាយ បូរិន ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមពិធីសិតព្រះអង្គស្ពាន់ និងចូលរួមពីធីរាប់បាតប្រគេនព្រះសង្ឃចំនួន១០៨អង្គជាកិច្ចបង្ហើយបុណ្យ៕