ភ្នំពេញ ៖ សពព្រះសង្ឃមួយអង្គដែលលង់ទឹកស្រះ ត្រូវគេរាវរកអស់រយ:ពេល១យប់មិនឃើញ ដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ស្រាប់តែឃើញផុសសពចេញណ្តែតក្នុងស្រះទឹកវិញ សមត្ថកិច្ចចុះពិនិត្យ និងរងចាំជំនាញ ស្រង់ឡើងគោក ធ្វើកោសល្យវិច័យ និងរងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹងផងដែរថា កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ព្រះសង្ឃ១អង្គសង្ស័យចុះស្រង់ទឹកស្រះលង់លិចបាត់ព្រះកាយ បន្សល់ទុកតែស្បែកជើង ស្បង់ចីវរ នៅមាត់ស្រះ បង្កឲ្យភ្ញាក់ផ្អើល ឆោឡោ ទាំងពុទ្ធបរិស័ទ ទាំងសមត្ថកិច្ច រាវរក តែមិនឃើញ។ចំណុចកើតហេតុស្ថិត នៅស្រះទឹកក្នុងបរិវេណវត្ត តាំងកសាងខាងជើង ភូមិចំការឳឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពេញមួយយប់ទៅហើយ រាវរកមិនទាន់ឃើញ ។
ប្រភពឲ្យដឹងថាសពព្រះ សង្ឃ ព្រះនាម ចាន់ មាន រិទ្ធិ ហៅ សំណព្វ ព្រះជន្ម ២៨វស្សា គង់នៅវត្តខាងលើ មាន ស្រុក កំណើត នៅ ខាង ខេត្ត កំពង់ ឆ្នាំង ។
តាមព្រះសង្ឃគង់នៅក្នុងវត្ត មានសង្ឃដីកាថា ៖ មុនកើតហេតុ ឃើញព្រះសង្ឃអង្គខាងលើ និមន្តទៅស្រង់ទឹកស្រះ បាត់ជាច្រើនម៉ោងទៅហើយ មិនឃើញនិមន្តចូលរៀនធម៌ លុះស្វែងរកតាមរកមើល ឃើញតែស្បែកជើង និងស្បង់ចីវរ និងទូរស័ព្ទ នៅមាត់ទឹក តែបាត់ព្រះកាយ សង្ស័យលង់លិចបាត់ ។
ប្រភពបន្តទៀតថា ព្រះសង្ឃអង្គនេះ មានជម្ងឺស្រឺតប្រចាំកាយ ញឹកញាប់ហើយ កើតអាការៈ ហើយក្រោយពីចុះស្រង់ទឹកបាត់ព្រះកាយ ទើបផ្អើលឆោឡោ ទាំងពលរដ្ឋ ពុទ្ធបរិស័ទ សមត្ថកិច្ច មានអ្នកចុះមុជទឹករាវរក តែមិនឃើញ ពេញមួយយប់ទៅហើយ រងចាំព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចបន្តរាវរក ។
លុះរហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ព្រះសពព្រះអង្គខាងលើបានផុសអណ្តែតហើយ សមត្ថកិច្ចចុះពិនិត្យ និងរងចាំជំនាញ ស្រង់ឡើងគោក ធ្វើកោសល្យវិច័យ មុននឹងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕