ឯកឧត្តម សុក ផេង សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ល្វាលើ និងលោកបណ្ឌិត សំ ពិសិថ្ឋ ប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ លោក កុយ សាវុទ្ធ អនុប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨៣នាក់ មកពីភូមិចំនួន៤ ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយ
ចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១២៨នាក់។
ក្នុងឱកាសនោះ ឯកឧត្តម សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
ទន្ទឹមនេះ ឯកឧត្តម សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។