បាត់ដំបង ៖ ស្ត្រីថៃបើកម៉ូតូកង់បីបុកស្ត្រីខ្មែរ ពេលដើរចូលផ្សារថៃ ហើយវាយសម្រាតខោបង់ប្រាក់១ពាន់បាតបញ្ចប់រឿង កាលពីម៉ោង ៩ ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ នៅផ្សារថៃ ភូមិខៅឌីង ទល់មុខច្រកទ្វាភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមប្រភពពីមន្ត្រីនគរបាលវរៈការពារព្រំដែនគោក ៨១៧ ប្រចាំច្រកទ្វារភ្នំដីបានអោយដឹងថា ស្ត្រីខ្មែរដែលរងគ្រោះមានឈ្មោះ សៅ ដាវី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ចំណែកស្ត្រីជនជាតិថៃ បើកម៉ូតូកង់បី មានឈ្មោះ ធី អាយុ៤៨ឆ្នាំ រស់នៅភូមិខៅឌីង ស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីខ្មែរធ្វើដំណើរចូលទៅផ្សារថៃ ហើយស្រាប់តែមានម៉ូតូកង់បី ១ គ្រឿងបើកបរ ដោយស្ត្រីថៃ ដឹកត្រីបើកមកពីក្រោយបុកស្ត្រីរងគ្រោះ បានដួលច្រង៉ាប់ច្រងិល ភ្លាមៗនោះ ស្ត្រីបើកម៉ូតូចុះមកវាយស្ត្រីខ្មែរបន្ថែម និងចាប់សំរាតខោ បង្កអោយមានការភ្ញាក់ផ្អើល ហើយបើកម៉ូតូចូលក្នុងផ្សារថៃបាត់ ។ មួយសន្ទុះក្រោយមក ស្ត្រីខ្មែរបានមកប្តឹងសមត្ថកិច្ចខ្មែរ នគរបាលវរៈការពារព្រំដែនគោក ៨១៧ ប្រចាំច្រកទ្វាភ្នំដី បន្ទាប់មក សមត្ថកិច្ចខ្មែរ បានសហការជាមួយសមត្ថកិច្ច ថៃហៅស្ត្រីបង្កមកដោះស្រាយ ជាមួយជនរងគ្រោះដោយបញ្ចប់រឿង ត្រឹមសំណងប្រាក់ចំនួន ១ ពាន់បាត ៕