សៀមរាប៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីសកម្មភាពមនុស្សធម៍ គាំទ្រលើកស្ទួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចដំណើរការសង្គ្រោះ ព្យាបាល គាំពារផ្នែកសុខភាពជូនកុមារកម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ និងប្រតិភូអមដំណើរបាននាំយកថវិកា ចំនួន ៣១៩,២១០,០០០ រៀល ចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី ៧ ខេត្តសៀមរាប។ ក្នុងពិធីប្រគល់ថវិកា មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២១នេះ លោកមេបញ្ជាការ បានថ្លែងការកោតសរសើរ និងដឹងគុណចំពោះលោកវេជ្ជបណ្ឌិត បេអាត រិចន័រ អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ជួយគាំពារផ្នែកសុខភាពសង្គ្រោះ ព្យាបាលទាន់ពេលវេលាជូនកុមារកម្ពុជា រួមជាមួយស្ត្រីសម្រាលកូនជាដើម។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ និងសហការី ព្រមទាំងសប្បុរសជន នៃប្រទេសស្វីសដែលបានជួយឧបត្ថម្ភគាំទ្រប្រកបដោយមនុស្សធម៍ចំពោះ ប្រជាជនកម្ពុជា។
លោកមេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ២ និងបន្តអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមលើកស្ទួយមូលនិធិគន្ធបុប្ផាកម្ពុជា ធានាបាននូវការគាំពារសុខភាពប្រកបដោយគុណភាពជូនកុមារកម្ពុជា។
លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ប្រធានមន្ត្រីប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស និងលោក យោគ សាមឌី អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគពារសង្គម ក៏បានបញ្ជាក់ផងដែរថា និងយកវិភាគទាន កងពលធំអន្តរាគមន៍លេខ២ យកទៅចាត់ចែងរួមចំណែកក្នុងកិច្ចការពារ គាំពារផ្នែកសុខភាព ប្រកបដោយប្រសិទ្ធភាព និងគុណភាពជូនកុមារកម្ពុជា៕