បាត់ដំបង៖បុរសម្នាក់លក់ថ្នាំញៀនចញ្ចឹមឪពុកម្តាយជរាត្រូវអាវុធហត្ថឃាត់ខ្លួននិងថ្នាំញៀន១៤កញ្ចប់តូចស្មើទម្ងន់១៤,៨៥ក្រាមពេលកំពង់ជិះម៉ូតូយកគ្រឿងញៀនទៅចែកចាយអោយម៉ូយកាលពីម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៤នៅចំណុចភូមិព្រែកអំពាន់ឃុំស្តុកប្រវឹកស្រុករុក្ខគីរីខេត្តបាត់ដំបង ប្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបាត់ដំបងបន្ត។
លោកសេងអេងហុងនាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៤ថាបុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឡោះរុម្លីហៅហុកអាយុ២៦ឆ្នាំជនជាតិអ៊ីស្លាម រស់នៅភូមិនរាឃុំនរាស្រុកសង្កែខេត្តបាត់ដំបង (ផ្ទះម្តាយក្មេកនៅភូមិកើតហេតុ) ។ វត្ថុតាង ដែលដកហូតបានមានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់តូចស្មើទម្ងន់ ១៤,៨៥ ក្រាម ដាវសាំម៉ូរៃចំនួន១ដើម ម៉ូតូម៉ាកវ៉េវចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន ១ គ្រឿង ។
ជនសង្ស័យឈ្មោះ ឡោះ រុម្លី ហៅ ហុក បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនមែន ព្រោះតែចិញ្ចឹមកូនប្រុសតូចដោយប្រពន្ធ រត់ទៅយកប្តីថ្មីនៅប្រទេសថៃ និងចិញ្ចឹមម្តាយក្មេក ឪពុកបង្កើតម្តាយបង្កើតមានអាយុជាង៨០ឆ្នាំ ។ ពីមុនខ្លួនប្រកបរបដឹកឈើនីវពីដេប៉ូយកមកលក់អោយប្រជាពលរដ្ឋបន្តបានចំណេញបន្តិចបន្តួច ក្រោយមកត្រូវក្មួយបានយកប្រាក់ពីម្ចាស់ដេប៉ូរត់គេចខ្លួនបាត់ ម្ចាស់ដេប៉ូឈប់អោយខ្លួនយកឈើលក់ទៀត ។ ដោយជីវភាពជួបការលំបាកខ្លាំង ខ្លួនបានសម្រេចចិត្តលក់ថ្នាំញៀនតាំងពីខែកក្កដា ឆ្នាំ២០១៤ យកប្រាក់មកចិញ្ចឹមគ្រួសារ ។ លុះម៉ោង១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ ពេលកំពង់ជិះម៉ូតូយកគ្រឿងញៀន ទៅចែកចាយអោយម៉ូយ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថស្រុករុក្ខគិរីឃាត់ខ្លួនតែម្តង ។
លោក សេង អេងហុង បានបញ្ជាក់ថា បុរសសង្ស័យ និងថ្នាំញៀន១៤កញ្ចប់តូច ស្មើទម្ងន់១៤,៨៥ក្រាម ត្រូវកសាងសំណុំរឿងពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕