ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះត្រូវភ្លើងឆេះខ្ទេច អស់ បណ្តាលមកពីផ្ទុះសេគុបភ្លើង ខូចខាតទ្រព្យសម្បត្តិខ្ទង់សែនដុល្លា ឯណោះ។ រឿងរាវឆ្លើងឆេះផ្ទះនេះកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី ២៥ ខែមករាឆ្នាំ២០២២ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយផ្ទះប្រជាពលរដ្ឋត្រូវភ្លើងឆេះនោះ គេឃើញវត្តមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុលនិងអគ្គីភ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្រុកស្វាយចេក បានចុះជួយអន្តារគមន៍ពន្លត់ភ្លើងបានរលត់ជាស្ថាពរនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀតនោះឡើយ ។
ក្នុងនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះ១/ឈ្មោះ មិច ប៉ា ភេទប្រុសអាយុ៥២ឆ្នាំ ជាងមាស ផ្ទះទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស ១០តម្លឹង ប្រាក់ថៃ៧០ម៉ឺនបាត,ប្រាក់អាមេរិក៧ម៉ឺន៨ពាន់ ដុល្លា,ប្រាក់ខ្មែរ២០លានរៀល
២/ផ្ទះរបស់ឈ្មោះវុន អួន ភេទប្រុសអាយុ៧៤ឆ្នាំ ទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស៩ជី,ប្លាទីន៥ជី,ប្រាក់ខ្មែរ៨០ម៉ឺនរៀល,ប្រាក់ថៃ២,៥០០បាត។ទី៣ផ្ទះរបស់ឈ្មោះ ឃ្លឿម ទូច ភេទស្រី អាយុ៥២ឆ្នាំ ទំហំ៧មគុណ៦ម ធ្វើអំពីឈើលើថ្មក្រោម ខូចខាតជញ្ជាំង១ចំហៀង ។
លោក បានបញ្ជាក់បន្ថែមឲ្យដឹងបន្តទៀតថា តាមការបំភ្លឺពីប្រជាពលរដ្ឋនៅទីនោះ ដំបូងភ្លើងបានឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ មិច ប៉ា នៅជាន់លើ ដោយសារទុស្សេខ្សែភ្លើងដាច់ធ្លាក់ចំពូក ដោយម្ចាស់នៅក្រោមផ្ទះកំពុងធ្វើត្រីប្រហុក មិនបានដឹង ទាល់តែភ្លើងឆាបឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានរាលដាលទៅផ្ទះទី២ឈ្មោះវុន អួន ទាំង២ផ្ទះនេះឆេះទាំងស្រុង និងទី៣ឈ្មោះ ឃ្លឿម ទូច ឆេះអស់ជញ្ជាំង១ចំហៀង។
ក្នុងករណីភ្លើងឆេះនេះរថយន្តពន្លត់អគ្គីសភ័យចំនួន៥គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន៤គ្រឿង ដោយគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុងនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀតនោះទេ។