0

អភិបាលខេត្ត​ត្បូងឃ្មុំ ផ្តល់​កុំព្យូទ័រ​យួរដៃ​ម្នាក់​មួយ​គ្រឿង ដល់​សិស្ស​ពូកែ​និទ្ទេស​A ទាំង​៥៤​នាក់ ជា​រង្វាន់​លើកទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​

អភិបាលខេត្ត​ត្បូងឃ្មុំ ផ្តល់​កុំព្យូទ័រ​យួរដៃ​ម្នាក់​មួយ​គ្រឿង ដល់​សិស្ស​ពូកែ​និទ្ទេស​A ទាំង​៥៤​នាក់ ជា​រង្វាន់​លើកទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​

(​ត្បូងឃ្មុំ​)៖ កុំព្យូទ័រ​យួរដៃ (computer latop) ចំនួន​៥៤​គ្រឿង ព្រម​ទាំង​ថវិកា ជា​រង្វាន់​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ទៅ​ផ្តល់ជូន​សិស្សានុសិស្ស​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស​A ទាំង​៥៤​នាក់ ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ដែល​ជា​ការលើកទឹកចិត្ត​ដល់​ប្អូនៗ​ក្មួយៗ​ខិតខំ​សិក្សា ប្រលង​ជាប់​ទទួលបាន​និទ្ទេស​ល្អ ក្នុងចំណោម​សិស្ស​ដែល​ប្រលង​ជាប់​ជា​ស្ថាពរ​សរុប​២៩៤៤​នាក់ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល បើទោះបីជា​ស្ថិត​ក្នុង​ការលំបាក​សិក្សា​រៀនសូត្រ ក្នុង​បរិបទ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ជា​សកល​ក្តី​។​

​ក្នុង​ឳ​កាស​សំណេះសំណាល​ផ្តល់​រង្វាន់ និង​ថវិកា​លើកទឹកចិត្ត​សិស្ស​ឆ្នើម​និទ្ទេស​A នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​ត្បូងឃ្មុំ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏​បាន​ចែក​ថវិកា ដល់​លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស ជាការ​អរគុណ​ដែល​ខិតខំ​បង្ហាត់បង្រៀន អប់រំ​ទូន្មាន​ណែនាំ រហូត​ក្មួយៗ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ដ៏​ល្អ​នាពេល​នេះ​ផង​ដែរ​។​

​ស្ថិត​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ កោតសរសើរ​ក្មួយៗ​ទាំង​៥៤​រូប និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​អាណាព្យាបាល​សិស្ស ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាពិសេស​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដ៏​សាក​សម​បំផុត មាន​ទាំង​ចំណេះដឹង​ខ្ពង់ខ្ពស់ បុគ្គលិកលក្ខណៈ​ល្អឥតខ្ចោះ មាន​សុ​ជី​វធ​ម៍ គុណ​ធ​ម៍ និង​ប្រជាប្រិយភាព​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ពលរដ្ឋ​កម្ពុជា ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ គូសបញ្ជាក់ថា យុវជន​សម័យ​តេជោ ពិតជា​មាន​សំណាង ដែល​មាន​ឱកាស​សិក្សា​រៀនសូត្រ​យ៉ាង​ទូលំទូលាយ ដើម្បី​យក​ចំណេះដឹង​ទៅ​អភិវឌ្ឍន៍​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ឯកឧត្តម​បណ្ឌិត បន្តថា ដោយ​អនុវត្ត​តាម​គោល​នយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ធ្វើឲ្យ​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ មាន​ការអភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ ទើប​ប្រជាពលរដ្ឋ​មានឱកាស​គ្រប់បែបយ៉ាង ក្នុង​ការរស់នៅ​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត ពិសេស​គឺ​មាន​ឱកាស​ឲ្យ​កូនៗ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​បាន​រៀនសូត្រ និង​ឱកាស​ការងារ​យ៉ាង​ច្រើន​រង់ចាំ​ពួកគាត់ ទៅ​បំពេញ​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បន្ថែមថា «​ដូចនេះ​យើង​ត្រូវ​រួមគ្នា ថែរក្សា​សុខ​សន្តិភាព​នេះ​ឲ្យបាន​ដាច់ខាត ដោយ​មិន​ត្រូវ​ឲ្យ​ជន​អគតិ​ណាមួយ​មក​បំផ្លាញ​បាន​ឡើយ​»​។​

​ឆ្លៀត​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៏​បាន​ជំរុញ​ឲ្យ​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស យក​សម្ភារៈ​សិក្សា និង​ថវិកា​ដែល​ផ្តល់ជូន ទៅ​ប្រើប្រាស់​ឲ្យចំ​គោលដៅ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ត នា​ថ្នាក់​ឧត្តមសិក្សា ពិសេស​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​នា​ជំនាន់​ក្រោយៗ​ទៀត ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ដូច​គ្នា​បែប​នេះ ពិសេស​ត្រូវ​ចង់ចាំ​ថា ចំណេះវិជ្ជា​ជា​ស្ពាន​ឈានទៅរក​ជោគជ័យ​និង​កិត្តិយស សម្រាប់​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​ទាំងមូល ដែល​កំពុង​ត្រូវការ​ធនធាន​មនុស្ស​ជា​ចាំបាច់ នា​សព្វថ្ងៃនេះ​ក្នុង​ការបន្ត​អភិឌ្ឍន៍​ប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!