នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលរវាងក្រុមតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមរក៍ ប្រហែលជាង៣០០នាក់ រួមទាំងបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ ពិធីនេះប្រារព្ធធ្វើនៅស្រុកពាមរក៍ នៃខេត្តព្រៃវែង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច និងលោកជំទាវ អនុប្រធានគណប្រជាជនកម្ពុជា និងសម្តេចប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគាំទ្រ ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ ក៏ដូចជាស្រុក និងខេត្តទាំងមូល។
ក្នុងនោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងារកន្លងមករបស់គណបក្សស្រុក ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ក្នុងការអញ្ជើញចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅទាក់ទងទៅនឹងការដឹកនាំរបស់គណគណបក្ស និងការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ លើការងារពង្រឹង និងពង្រីកកម្លាំងគណបក្សប្រជាជនកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឃុំ ជាមួយនឹងការរៀបចំគោលនយោបាយថ្មីសម្រាប់អាណត្តិទី៥(ឆ្នាំ២០២២-២០២៧) ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ណែនាំដល់គណបក្សស្រុក-គណ:កម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះខាងក្រោម៖
1- មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងនានារបស់គណបក្ស
2- មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានុក្រម
3- ចុះជាប់ជាប្រចាំ និងមានភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
4- មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ
5- ខិតខំបំរើការងារឱ្យមានតម្លាភាព
បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្ថែមទៀតថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងធ្វើម្ចាស់ផ្ទះ សម្រាប់រៀបចំ “វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្ដម បានមានប្រសាសន៍បន្ថែមថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយប្រជាពលរដ្ឋម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើក និងកំពុងដំណើរការចាក់ដូសទី៣ និងដូសទី៤ ឬដូសជំរញសម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍសម្បទានទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរណ៍អាស៊ាន ប្រកបដោយគុណភាព សុវត្ថិភាព ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។