0

ឧកញ៉ា​ជ័យ​បន្តសកម្មភាព​ប្រមូល​ឈើ​កាប់​ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ យ៉ាងសកម្ម​

ឧកញ៉ា​ជ័យ​បន្តសកម្មភាព​ប្រមូល​ឈើ​កាប់​ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ យ៉ាងសកម្ម​

​ខេត្ត​ស្ទឹងត្រែង ៖ ​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុងស្រុក​សេ​សាន បានឲ្យដឹងថា មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ ឧកញ៉ា​ជ័យ នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ចូល​ទៅ​ទីតាំង​បាត​អាង ដើម្បី​អារច្រៀក​ហើយ​ដឹកជញ្ជូន​ចេញ​វិញ​យ៉ាង​រលូន ។ មួយ​រយៈ​ចុង​ក្រោយ​នេះ ឧកញ៉ា​ជ័យ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា បច្ចុប្បន្ន ព្រៃឈើ​ដែល​នៅ​សេសសល់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​តាម​រថយន្ត​សាំ​យ៉ុង​ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​១៥​គ្រឿង ។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេ​សាន​បានឲ្យដឹងថា បើ​ទោះបី​នៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ក៏ដោយ​ក៏​ឧកញ៉ា​ជ័យ​នៅតែ​មាន​ឈើ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​ដដែល ។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បានឲ្យដឹងថា ឈើ​ទាំង​នោះ ត្រូវបាន​គេ​បំពាន​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ព្រៃ​អភិរក្ស​នៅ​ស្រុក​សេ​សាន​និង​ស្រុក​សៀម​ប៉ាង​ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​។​ក្រោយពេល​អារច្រៀក​រួច​ទើប​ឧកញ៉ា​ជ័យ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​បាន​រិះគន់​ថា លោក​អភិបាលខេត្ត​ស្ទឹងត្រែង​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​និង​រដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​សេ​សាន​និង​ស្រុក​សៀម​ប៉ាង​នោះទេ ។ ជាក់ស្ដែង រយៈពេល​ជាង​កន្លះ​ខែ​កន្លងទៅ​នេះ ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ហើយ​ព្រៃ​អភិរក្ស​ព្រៃ​ការពារ​ក្នុង​ស្រុក​សេ​សាន​និង​ស្រុក​សៀម​ប៉ាង​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ​ឡើយ ។​

​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​សេ​សាន​និង​ស្រុក​សៀម​ប៉ាង​ជាបន្ទាន់​ព្រោះ​ព្រៃ​អភិរក្ស​ព្រៃ​សហគម​ន៍​និង​ព្រៃ​ការពារ​ក្នុងស្រុក​ទាំង​២​នេះ​កំពុង​រង​ការបំផ្លាញ​យ៉ាង​រាលដាល ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!