ខេត្តព្រះវិហារ ៖ ថ្មីនេះឈ្មួញរកស៊ីឈើឈ្មោះ(ស្រីមុំ)និងឈ្មួញដ៍ទទៃៗជាច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើតាមមធ្យោបាយរថយន្តសាំយ៉ុងចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ បានយ៉ាងពេញបន្ទុកក្នុងខណ:ប្រទេសជាតិកំពុងជួបវិបត្តនៃជំងឺ covid 19ផង។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានសម្តែងសេចក្តីព្រួយបារម្ភថាព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្តីវិនាសហិនហោចនោះទេ។
មេឈ្មួញឈើឈ្មោះ(ស្រីមុំ)បាននិងកំពុងឆ្លៀតឱកាសបំផ្លាញព្រៃឈើនិងដឹកជញ្ជូនយកទៅលក់បានទាំងយប់ទាំងថ្ងៃគ្មានការរំខានពីមន្ត្រីជំនាញពាក់ព័ន្ធសោះឡើយ។
មហាជនមានការរិះគន់ចំៗថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួនទើបឈ្មួញឈ្មោះ(ស្រីមុំ)នឹងឈ្មួញច្រើននាក់ទៀតអាចដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ បានយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញឈ្មោះ(ស្រីមុំ)បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា បច្ចុប្បន្នឈ្មួញម្នាក់នេះនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងរលូនទាំងថ្ងៃទាំងយប់គ្មានសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្នុងខណ:ដែលឈ្មួញឈ្មោះ(ស្រីមុំ)អាចដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ក្នុងស្រុករវៀងចូលទៅខេត្តកំពង់ធំបានដោយសុខស្រួលនោះ គឺមានការបើកដៃពីសំណាក់លោក(ស៊ុសុីវត្ថា)ហៅ(តាវេនតា)នាយផ្នែករដ្ឋបាលព្រៃឈើរវៀង(ភ្នំដែក) ដែលល្បីល្បាញខាងបញ្ជាឲ្យកូនចៅដាក់កុងត្រូលដេករង់ចាំប្រមូលលុយក្នុងបរិបទ(បញ្ជាក់)ខាងអំពើពុករលួយ ។ ចំណែកលោក នួនសុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងសម្ងំរក្សាភាពស្ងៀមស្ងាត់ផងដែរ មិនខ្វល់នឹងការរិះគន់ពីមជ្ឈដ្ឋានណាក៍ដោយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុករវៀងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងទៀតថាមួយរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញឈេីឈ្មោះ(ស្រីមុំ) ដឹកជញ្ជូនឈើគ្រឿងនិងសិប្បកម្ម គ្រឿងទ្វា.បង្អួច ខុសច្បាប់
ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ បានយ៉ាងសុខស្រួលមិនរំខានដល់មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងនគរបាលស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ៦២សោះ។
ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់លោក ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តនិងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្ត សូមលោកមេត្តាចាត់កម្លាំងចុះពិនិត្យនិងចាត់វិធានការបង្ក្រាបមេឈ្មួញឈ្មោះ(ស្រីមុំ)នេះផងទាន បេីមិនដូច្នោះទេប្រជាជាពលរដ្ឋនិងដាក់បន្ទុកលើថ្នាក់ដឹកនាំខេត្តថាកំពុងរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួនហើយបានជាមេឈ្មួញឈ្មោះ(ស្រីមុំ)អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំតាមតែអំពើចិត្តមិនដែលមានវិធានការបង្ក្រាបសោះឡើយ៕