0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ខេត្ត​ព្រះសីហនុ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ខេត្ត​ព្រះសីហនុ​

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ១​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤០ (ATF 2022) ដែល​រៀប​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ​។ ដែល​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​បណ្ដា​ថ្នាក់ដឹកនាំ​, រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ស្ថាប័ន​អង្គការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត​ផង​ដែរ​។

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា បានដឹងថា វេទិកា​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៦-២២ ខែ​មករា ឆ្នាំ​២០២២​។ វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក៏​ដូចជា​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ក្នុងការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​មាន​ដង្ហើម​ឡើងវិញ ក្រោយ​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ រយៈពេល​ប្រមាណ​២​ឆ្នាំ​កន្លងទៅនេះ​។ វេទិកា​ទេសចរណ៍​អាស៊ាន​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ​។ ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ និង​បាន​ស្វាគមន៍​យ៉ាង​ក​ក់កក្តី​ជាទីបំផុត​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ទាំង​អស់​ដែល​បាន​អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ដំណើរការ​ប្រទេស​ឡើងវិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាម​បែប​គន្លង​ថ្មី រួម​ទាំង​កម្មវិធី​ស្តារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ជាមួយនឹង​ការរស់នៅ​តាម​បែប​គន្លង​ថ្មី​។ សម្តេច​តេជោ​បានប្រកាស​គាំទ្រ​ក្នុង​ការបើកទេស​ច​រណ៍​ផ្ទៃក្នុង​អាស៊ាន​ឡើងវិញ ពេលនេះ និង​ប្រកាស​គាំទ្រ​នូវ​ទេសចរណ៍​វ៉ាក់សាំង នៅក្នុង​តំបន់​អាស៊ាន​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានសម្តែង​ការកោតស​រសើរ​ដល់​ប្រទេស​ថៃ ដែល​បាន​អនុវត្ត​ជា​មួយ​ប្រទេស​កម្ពុជា ក្នុង​ការអនុញ្ញាតឱ្យ​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​ឆ្លង​ទៅ​វិញ​ទៅ​មក ដោយ​មិនបាច់​ធ្វើ​ចត្តា​ឡី​ស័ក​។ សម្តេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រតិភូ​អន្តរជាតិ​ទាំងអស់​ក្នុង​ការធ្វើ​ដំណើរ​មក​ចូលរួម​វេទិការ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ នៅពេល​នេះ​តាម​ផ្លូវគោក និង​ផ្លូវអាកាស​ទោះបីជា​ប្រើ​ពេលវេលា​វែង និង​បំពេញ​បែបបទ​ធ្វើដំណើរ​បន្ថែម​ក្នុង​បរិបទ​កូវី​ដ​-១៩ យ៉ាងណាក៏ដោយ​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា កម្ពុជា​ពិតជា​មាន​សេចក្តី​រីករាយ​ដោយ​សង្កេត​ឃើញ​ការបើក​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការរួមសាមគ្គីគ្នា និង​សហការ​យ៉ាង​សកម្ម​រវាង​ប្រជាជន​អាស៊ាន ប្រទេស​ដៃគូ និង​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការ​ប្រឈម​រួម​របស់​តំបន់ និង​សាកលលោក​។​
​ឱកាស​នេះ​ផងដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក និង​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដូចខាងក្រោម​:
១- ការបើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញ ឡើងវិញ ត្រូវបាន​វាយតម្លៃ​ថា ស្ថិតក្នុង​ស្ថានភាព​បន្ទាន់ និង​ត្រូវ​ស្រប​តាម​កន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន ដែល​ហៅថា​ស្ថានភាព​ទីផ្សារ​ទេសចរណ៍ និង​មាន​ភាព​តូចចង្អៀត​ជាមួយនឹង​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់ ទាំង​លើ​ទិដ្ឋភាព​នៃ​គុណភាព​ផលិតផល និង​សេវាកម្ម​តម្លៃ​សមរម្យ ទំនុកចិត្ត​លើ​សុវត្ថិភាព នៃ​គោលដៅ​ទេសចរណ៍​វិធានការ​ក្នុង​ការទប់ស្កាត់ គ្រប់គ្រង​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការសម្រួល​ដល់​ការធ្វើដំណើរ​។ ចំណុច​នេះ​គឺជា​កត្តា​គន្លឹះ​សម្រាប់​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ​ក្នុង​ការជ្រើសរើស​គោលដៅ​ទេសចរណ៍​ក្នុង​បរិបទ​ថ្មី​។ ក្នុងន័យនេះ ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​អាស៊ាន​ក្រោយ​វិបត្តិកូេ​វីដ​-១៩ នឹង​ក្លាយទៅជា​គន្លឹះ​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ការធ្វើឲ្យ​ដំណើរការ​ឡើងវិញ​ជា​បណ្ដើរៗ នៃ​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​កដោយ​ឈរលើ​គោលការណ៍​រក្សា​បាន​នូវ​គោលដៅ​រវាង​សកម្មភាព​សង្គម​សេដ្ឋកិច្ច និង​ការធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ជាមួយនឹង​កិច្ចខិតខំ​ក្នុង​ការវិល​ត្រឡប់​ឲ្យបាន​ឆាប់​ទៅរក​ប្រក្រតីភាព​ថ្មី នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​អាស៊ាន​។​
២- សម្ដេច​តេជោ​គាំទ្រ​គំនិត​ផ្តួចផ្តើម​សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​ការរៀបចំ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​សហគមន៍​ទេសចរណ៍ ដែល​ជា​ការចូលរួម​ដ៏​មាន​សារៈសំខាន់​ក្នុង​ការធានា​ជូន​ដំណើរ​អាជីវកម្ម​ទេសច​រណ៍​ឡើង​ផង និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការអនុវត្ត​គោលការណ៍​រួម​ជា​អតិបរមា​។ កម្ពុជា​បច្ចុប្បន្ន​បាននិងកំពុង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​សុវត្ថិភាព​វិធី​ប្រតិបត្តិ​ស្ដង់ដារ​សម្រាប់​ប្រតិបត្តិ​លើ​ការបើក​ដំណើរការ​អាជីវកម្ម​ទេស​ចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​
៣- ក្នុង​រយៈពេល​ដ៏​ខ្លី អាស៊ាន​ក៏​ត្រូវ​គិតគូរ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​បន្ថែមទៀត​ស្រប​តាម​ទស្សនៈ អាស៊ាន​ដើម្បី​អាស៊ាន ហើយ​សម្តេច​គាំទ្រ​ទាំងស្រុង​នូវ​គំនិត​ផ្ដួចផ្ដើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​ក៏ដូចជា​បើក​តំបន់​ទាំងមូល​ដើម្បី​ទទួលបាន​នូវ​ការស្វាគមន៍​ទេសចរ​អន្តរជាតិ​ឡើងវិញ​។ ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន សម្ដេច​គាំទ្រ​ឲ្យ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ពិភាក្សាគ្នា​និង​ឯកភាព​គ្នា ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើង​វិញ​នៅ​ថ្ងៃស្អែក ចេញពី​ក្រុង​ព្រះសីហនុ​តែម្តង​។ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​នៃ​ការបើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ គឺ​ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​នូវ​ភាពជឿជាក់ និង​ទំនុកចិត្ត​ថា ជា​គោលដៅ​ទេសចរណ៍​អាស៊ាន​មាន​សុវត្ថិភាព​ដោយ​ឈរ​លើ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជា​សូចនាក​រគោល​។ សម្ដេច​តេជោ​គាំទ្រ​នូវ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង​ដែល​បាន​ដាក់ចេញ​តាមរយៈ​បណ្ដា​ប្រទេស​អាស៊ាន និង​គាំទ្រ​លើ​ការដាក់ចេញ​យុទ្ធនាការ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព​។
៤- រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ប្រទេស​ដៃគូ​អាស៊ាន និង​ថ្នាក់ដឹកនាំ អង្គការ​ទេសចរណ៍​ពិភពលោក ព្រមទាំង​សមាគម​ទេសចរណ៍​អាស៊ាន គួរ​បន្ត​ពង្រឹង​អភិវឌ្ឍ​មូលធន​មនុស្ស ខិតខំ​អនុវត្ត​ប្រកបដោយ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ព្រមទាំង​បង្កើន​ការផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍​ល្អៗ​ជុំវិញ​ការទាក់ទាញ និង​ការអភិវឌ្ឍ​ទេពកោសល្យ ដោយ​គិតគូរ​ផងដែរ​នូវ​ការជំរុញ​កម្មវិធី​អក្ខរកម្ម​ឌីជីថល ការជំរុញ​សហគ្រិន​វ័យក្មេង និង​ជួយ​គាំទ្រ​សិប្បកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ទេសចរណ៍​ដល់​កម្រិត​មូលដ្ឋាន និង​ត្រូវ​ទាញ​អត្ថប្រយោជន៍ ពី​នាវា​នុវត្ត ការភ្ជាប់​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ចីរភាព និង​បរិយាប័​ន្ន​។​
៥- អាស៊ាន​ត្រូវ​រួម​គ្នា​ជំរុញ​មើល​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ធន់ និង​ឆ្ពោះទៅ​អនាគត​កាន់តែ​ប្រសើរ​ជាង​មុន​ប្រកបដោយ​គុណភាព ចីរភាព និង​បរិ​យាប​ន្ន ។ ក្នុងន័យ​នេះ​សម្ដេច​តេជោ​សូម​អំពាវនាវ​ឲ្យ​អាស៊ាន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​សន្ទនា និង​ដៃគូ​អភិវឌ្ឍន៍​នានា និង​កសាង​ភាពជា​ដៃគូ​ឯកជន ក្នុងប្រទេស ក្នុង​តំបន់ និង​ពិភពលោក​ឆ្ពោះទៅរក​ភាព​រីកចម្រើន​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ធន់​តាម​កន្លង​ប្រក្រតីភាព​ថ្មី និង​នាំមក​នូវ​វិបុលភាព​របស់​អាស៊ាន​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!