0

មន្ត្រី​សាលាខេត្ត​បាត់ដំបង​ម្នាក់ សម្រេច​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ដោយសារ​មិន​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង​

មន្ត្រី​សាលាខេត្ត​បាត់ដំបង​ម្នាក់ សម្រេច​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ដោយសារ​មិន​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង​

បាត់ដំបង ​៖​ លោក លី ឌី​នូ​រី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ តួនាទី​បច្ចុប្បន្ន មន្ត្រី​សាលាខេត្ត​បាត់ដំបង បា ដាក់​ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ ដោយសារ​តែ​ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង ។

​នេះ​បើ​យោង​តាម​ពាក្យ​ស្នើសុំ​លាឈប់​ពី​ការងារ ដែល លោក លី ឌី​នូ​រី គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ ។​បើ​តាម​លោក លី ឌី​នូ​រី ថ្លែងថា លោក​បាន​បំពេញ​ភារៈកិច្ច​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន​ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង ។ ដោយសារ​លោក​ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង លោក​សូម​គោរព​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ចាប់ពី​ពេលនេះ​តទៅ ។​

ការសម្រេច​លាឈប់​នៅពេលនេះ​ក៏​ធ្វើ​ឡើង​ស្របគ្នា បន្ទាប់​ពី​សាលាខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​លិខិត​អញ្ជើញ​លើក​ទី​១ ដល់​លោក លី ឌី​នូ​រី មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដើម្បី​ចូល​មក​បំពេញ​ការងារ​នៃ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយ​ពី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា​រយៈពេល​២​សប្ដាហ៍​កន្លងមក ។

​ជុំវិញ​លិខិតអញ្ជើញ​លើក​ទី​១ នេះ ត្រូវបាន លោក លី ឌី​នូ​រី ឆ្លើយតប​វិញ​ភ្លាមៗ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​យ៉ាង​ដូច្នេះ​ថា ៖​ថ្ងៃនេះ​បាន​ទទួល​លិខិតអញ្ជើញ​លើក​ទី​១ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​។ ខ្ញុំ​មិន​បដិសេដ​ទេ ប៉ុន្តែ​មាន​សំណួរ​ខ្លះៗ ។​
១-​តើ​រយ​:​កាល​កន្លង​មក​ក្រុម​អស់លោក​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ​វា​មិនទាន់​គ្រប់គ្រាន់​មែន​ទេ​?
២-​នៅពេលដែល​ខ្ញុំ​ចូល​បំពេញការងារ តើ​ធានា​ទេ​មាន​ការងារ​ធ្វើ​សំរាប់​ខ្ញុំ​ដូច​មន្ត្រី​ធម្មតា ? រឺ​ត្រឹម​តែ​ចង់​អោយ​ខ្ញុំ​មក​អង្គុយ​អាន​កាសែត​ដូច​រយៈ​:​កាល​មុន​? តើ​ខ្ញុំ​មាន​កំហុស​អ្វី​? ប្រសិន​បើ​មក​អង្គុយ​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លាឈប់​ទៅ​ធ្វើ​ការងារ​ឯកជន​វិញ​។​
៣- បក្សពួកនិយម​ខ្លាំងពេក​នាំអោយ​អន្តរាយ​ដល់​ស្ថាប័នរដ្ឋ ។ នេះ​ប្រហែល​មកពី​ខ្ញុំ​មិនមែន​នៅក្នុង​ក្រុម​គេ​ទេ​ដឹង​? កន្លែង​ដែល​មាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ សូម​ជ្រាប ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!