ខេត្តត្បូងឃ្មុំ ៖ ឈ្មោះស្រ៊ុន ម៉េងលឹម និងឈ្មោះ វ៉ា បានជួលកាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅ(ច្រកដូង៧ដើម) ពីឈ្មោះហេង បើកលេងល្បែងស៊ីសងច្រើនប្រភេទ ដូចជាសង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី ឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីយកថ្លៃតុងមិនបានគិតពីភាពក្រីក្រ របស់ប្រជាពលរដ្ឋឡើយ។ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចស្រុកមេមត់ មិនហ៊ានទៅក្បែរកាស៊ីណូនោះឡើយ។
ប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដា (យីហោ៦៩) យ៉ាងពពាក់ពពូនដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ នោះទេ។
ប្រភពខ្លះបានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ថា មេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំ មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ទោះជាលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏មិនហ៊ានប៉ះពាល់ដែរ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំដា បានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ខែមករា ឆ្នាំ២០២២នេះ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដូង៧ដើម កាន់តែច្រើនឡើងៗ ព្រោះមេបើកល្បែងហ៊ានអះអាងធានាសុវត្ថិភាពសម្រាប់អ្នកលេងល្បែងគ្រប់បែបយ៉ាងលើទីតាំងរបស់ខ្លួន។ ទន្ទឹមនឹងនេះនៅក្នុងឃុំដា ស្រុកមេមត់ ប្រជាពលរដ្ឋបានធ្លាក់ខ្លួនក្រនិងជំពាក់លុយ ឈ្មួញ អង្គការ ធនាគារ លក់ម៉ូតូ លក់គោ បញ្ចាំផ្ទះសម្បែង ហើយកើតមានអំពើចោរកម្ម និងបទល្មើសជាច្រើនផ្សេងៗគួរឲ្យព្រួយបារម្ភ ។
ចំណែកមេល្បែងស៊ីសងឈ្មោះ លឹម (ស្រ៊ុន ម៉េងលឹម) និងឈ្មោះ វ៉ា សប្បាយប្រមូលលុយុតុងពីអ្នកញៀនល្បែងស៊ីសងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋសំំណូមពរដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ នៅទីតាំងកាស៊ីណូនៅច្រកដូង៧ដើម ដែលបើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនេះផង ។