0

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ប្ដេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ប្ដេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា​

​នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ជប៉ុន​និង​កម្ពុជា និង​គូសបញ្ជាក់​ថា កម្ពុជា ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​ជប៉ុន​។ ឯកឧត្តម​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ ឯកឧត្តម​ក៏បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ដែល​ត្រូវបាន​ដំឡើង​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កាលពីដើមឆ្នាំ​២០២៣​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ចំពោះ​ការរួមចំណែក និង​ជួយ​គាំទ្រ​ដល់​កម្ពុជា ចាប់តាំងពី​ដំណើរការ​ស្វែងរក​សុខ​សន្ដិភាព​, ការស្ដារ​ប្រទេស​ឡើងវិញ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។ សម្ដេច​បវរ​ធិបតី​បាន​បន្តទៀតថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​នាពេលនេះ នឹង​កាន់តែ​ចូល​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល​ជាច្រើន រួម​មាន​ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, សុខាភិបាល​, ហេដ្ឋារចនាសម្ព័ន្ធ​, ហិរញ្ញវត្ថុ​, ឌីជីថល​, សហគ្រាស​ធុន​តូច និង​មធ្យម (SMEs), ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​, ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!