0

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​ក្រសួង​បរិស្ថាន បើក​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ និង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ក្នុង​ស្រុក​ក្រូចឆ្មារ​

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​ក្រសួង​បរិស្ថាន បើក​កិច្ចប្រជុំ​រួម​គ្នា​លើ​ការងារ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ និង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ក្នុង​ស្រុក​ក្រូចឆ្មារ​

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ ២០២២​នេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​ឯកឧត្តម ចាយ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួង បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ​លើ​ការងារ​ផ្សព្វផ្សាយ អនុក្រឹត្យ​ស្ដីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ និងសេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​បោះបង្គោល​ព្រំប្រទល់​តំបន់ការពារធម្មជាតិ និង​បោះបង្គោល​ព្រំ តំបន់​គ្រប់គ្រង និង​ចុះបញ្ជី​រដ្ឋ នៅតាម​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ របស់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង នៅ​សាលប្រជុំ ក សាលាខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ប្រតិភូ​ក្រសួង​បរិស្ថាន អភិបាលរង​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ និង​បណ្តា​ស្រុក​ជាប់​ព្រំប្រទល់ ព្រមទាំង​អ្នកពាក់ព័ន្ធ​។​

​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​មានប្រសាសន៍​ឲ្យដឹងថា បច្ចុប្បន្ននេះ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួងបរិស្ថាន ដោយ​មាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ ជា​សេនាធិការ ក្នុង​ការសិក្សា​ពី​លទ្ធភាព​នៃ​ការដាក់​តំបន់​ព្រៃ​លិច​ទឹក ព្រៃ​ឫស្សី​មាត់​ឃ្មួ​ង ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បូងឃ្មុំ ព្រមទាំង​តំបន់​បឹង​កា​ពិត ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បូងឃ្មុំ ជា​តំបន់ការពារធម្មជាតិ​បន្ថែម​ទៀត​ផង​ដែរ ។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម ក្នុង​ការជំរុញ​ការដាក់​តំបន់​ទាំងនេះ ជា​តំបន់ការពារធម្មជាតិ​ជា​បន្ត​ទៀត ជាក់ស្ដែង​រៀបចំ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​កា​ដេរ គឺជា​គំនិត​ផ្ដួចផ្ដើម របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ការប្រើប្រាស់​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មារ រួមមាន​ដូចជា​ទំនប់​ស្ទាក់​ទឹក និង​ប្រឡាយ​ជាដើម ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ចាយ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ក៏​បាន​បង្ហាញ​នូវ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ រៀបចំ​ផែនការ​គ្រប់គ្រង ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ និង​សកម្មភាព​អេកូ​ទេសចរណ៍ នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ ព្រោះ​ជា​ដែន​ជម្រក​សត្វ​ស្លាប​កម្រ មច្ឆា ចំណីអាហារ (​ត្រី ជលផល និង​អនុផល​) ពិសេស​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ការប្រើប្រាស់ របស់​ប្រជា​សហគមន៍ និង​ដំណាំ​កសិកម្ម ។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ មានប្រសាសន៍​បន្ថែម​ថា ការងារ​ជា​អាទិភាព​របស់​ក្រសួង​បរិស្ថាន ដោយ​មាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​បង្កើត​ក្រុមការងារ​បោះបង្គោល​ព្រំប្រទល់​តំបន់ការពារធម្មជាតិ បោះបង្គោល​ព្រំប្រទល់​តំបន់​គ្រប់គ្រង និង​ចុះបញ្ជី​ជា​ដី​រដ្ឋ និង​របៀង​ជីវៈចម្រុះ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ វគ្គ​បណ្ដុះបណ្ដាល នានា ជា​យន្តការ ដើម្បី​អភិរក្ស​តំបន់​នេះ និង​ក៏​ជា​ការចូលរួម​លើក​ស្ទួយ​ដល់​ជីវភាព​ប្រជា​សហគមន៍ ។​

​សូមជម្រាបថា ខេត្ត​ត្បូងឃ្មុំ មាន​កំណើន​សេដ្ឋកិច្ច​បា​ន ដោយ​អាស្រ័យ​លើ វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ក្រៅពី​នោះ​គឺ​នៅ​មាន​ធនធានធម្មជាតិ​ដ៏​សម្បូរបែប មាន​ជាអាទិ៍ តំបន់ការពារធម្មជាតិ​ចំនួន​២​កន្លែង ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ចេញ​អនុក្រឹត ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ពញាក្រែក មាន​ផ្ទៃដី​ទំហំ ១៩៩ ហិកតា ដោយ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ៨៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី ០៩ ខែ ឧសភា កាលពី​ឆ្នាំ​២០១៦ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ មាន​ទំហំ​ផ្ទៃដី ១,៦៤៣ ហិកតា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​តំបែរ ដែល​រាជរដ្ឋាភិបាល ទើប​នឹង​សម្រេច​បង្កើត​ឡើង តាមរយៈ​អនុក្រឹត្យ​លេខ ២២៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!