0

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី ជេ​ស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូឌា​) ហ្វី​សឺរី ឯ​.​ក​

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី ជេ​ស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូឌា​) ហ្វី​សឺរី ឯ​.​ក​

(​ភ្នំពេញ​) :​នា​វេលា​ម៉ោង ៩:០០ ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន ទទួល​ជួប​លោក​ស្រី ជេ​ស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូឌា​) ហ្វី​សឺរី ឯ​.​ក ក្នុង​គោលបំណង​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​អំពី​វឌ្ឍនភាព និង​ស្នើសុំ​ការណែនាំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​ក្នុង​បែ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាបឋម លោកស្រី​តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូឌា​) ហ្វី​សឺរី ឯ​.​ក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល ដែល​បាន​ផ្តល់ឱកាស និង​គាំទ្រ​ចំពោះ​សំណើ​ផែនការ​វិនិយោគ​វារីវប្បកម្ម តាម​បែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ នៅ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថា​ស ដែល​ដំណាក់កាល​ទី ១ នៃ​ផែនការ​វិនិយោគ​នោះ​គឺ​លើ​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ១ ៩៨៤​ហិកតា​។

​លោកស្រី​បន្ថែមថា បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង និង​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧ និង​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​កន្លងមក ក្រុមហ៊ុន​បាន​ធ្វើ​ការពិនិត្យ សិក្សា និង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​លើ​ការសិក្សា​វាយតម្លៃ​លើ​ផល​ប៉ះពាល់ បរិស្ថាន និង​សង្គម ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​ក្រសួង​ពាក់ព័ន្ធ​បាន​សម្រេច​កំណត់​យក​តំបន់​កោះ​ថាស ជា​តំបន់​សាក​សម និង​មាន​សក្ដានុពល​បំផុត​សម្រាប់​ក្រុមហ៊ុន​ធ្វើ​ការវិនិយោគ​។​

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​របស់​ក្រុមហ៊ុន ដែល​ផែនការ​វិនិយោគ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា គឺ​ពិត​ជា​សំខាន់​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ដល់​វិស័យ​ជលផល​នៅ​កម្ពុជា និង​ជា​ពិសេស​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ទាំង​ផល​ត្រី​សមុទ្រ​ធម្មជាតិ និង​ផល​ត្រី​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ក្រុមហ៊ុន​ឲ្យ​បញ្ជូន​ឯកសារ​វាយតម្លៃ​លើ​ផល​ប៉ះពាល់ បរិស្ថាន និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​នេះ​មក​ក្រសួង និង​ជា​ពិសេស​ត្រូវ​ធ្វើ​ការស្នើសុំ និង​មាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុនសិន ទើប​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អាច​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​បាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!