សៀមរាប៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សុខ សាន្ត មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ២ ព្រមទាំង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤, លេខ៥, លេខ៦ ចំណុះ បានដឹកនាំក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ចាក់ជូនប្រជាពលរដ្ឋស្រុកបន្ទាយស្រី, ស្រុកវ៉ារិន, ស្រុកអង្គរជុំ និងស្រុកស្រីស្នំខេត្តសៀមរាប។
ឧត្តមសេនីយ៍ទោ សុខ សាន្ត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់អនុវត្តភារកិច្ច បើទោះបីត្រូវជួបបញ្ហាប្រឈមខ្លះៗ ក៏ដោយនៅតែពុះពារជំនះរាល់ការលំបាក ហើយបានសម្រេចនូវរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ រួមមាន នៅក្នុងស្រុកបន្ទាយស្រីទាំងមូល មានប្រជាពលរដ្ឋ ចំនួន ២៣,២៤១នាក់។ ស្រុកវ៉ារិន មានប្រជាជន ចំនួន ២១,០០៣នាក់។ ស្រុកអង្គរជុំ មានប្រជាជន ចំនួន ២០,៦៤៤នាក់ និងស្រុកស្រីស្នំ មានប្រជាជន ចំនួន ១៦,៣៧៤នាក់។
ក្នុងថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងនេះសង្កេតឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ CINOVAC។ នេះសបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋពិតជាត្រូវការវ៉ាក់សាំង ដើម្បីការពារអាយុជីវិតក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់គ្មានការរីករាលដាល នៃវីរុសកូវីដ-១៩។
ប្រជាពលរដ្ឋទាំងអស់មានទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសជំរុញ) និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ ក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕
https://t.me/royalcambodianarmy