0

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ហែល​ទឹក បាត់ដំបង និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ហែល​ទឹក បាត់ដំបង និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១

​នា​រសៀល​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ហែល​ទឹក បាត់ដំបង និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការចូលរួម​អបអរសាទរ​ម្ចាស់​ជ័យលាភី​នៃ​ការប្រកួត និង​សម្ដែង​ការកោតសរសើរ ពិសេស​ការបញ្ចេញ​សមត្ថភាព​ប្រកួត​របស់​កីឡាករ កីឡា​ការ​នី​ប្រកបដោយ​ភាព​ទាក់ទាញ​នៅលើ​ផ្ទៃ​ទឹក​ក្នុង​អាង​ហែល​ទឹក​នៃ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​។​

​សម្ដេច​ក្រឡាហោម បាន​រម្លឹកថា​ប្រទេស​កម្ពុជា​ធ្លាប់បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ប្រកួត​ហែល​ទឹក ហើយ​ក៏​ធ្លាប់​ទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ​ជាច្រើន​គ្រឿង​ផង​ដែរ​កាលពី​អតីតកាល​ដែល​ជា​ការបង្ហាញ​ថា​កីឡា​ប្រភេទ​នេះ​ក៏​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា​ដែរ​។

​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​អាង​ហែល​ទឹក​ថ្មីៗ​ដែល​បាន​សាងសង់ បន្ទាប់​ពី​មណ្ឌល​ហែល​ទឹក​កំពង់ចាម និង​នៅ​ស្រុក​កោះធំ​ខេត្ត​កណ្ដាល ហើយ​ថា​សម្រាប់​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ គឺ​ត្រូវបាន​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​ពី​សប្បុរសជន​។

​នា​ឱកាស​នោះ​ដែរ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​រម្លឹក​ដល់​ទិវា​ជាតិ​៧​មករា​ដែល​ជា​កាលបរិច្ឆេទ​ប្រវត្តិសាស្ត្រ​នៃ​ការផ្ដួលរំលំ​របប​ខ្មែរ រហូត​រំដោះប្រជាជន​ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ឈានដល់​ការអភិវឌ្ឍ​ជាតិ​ពី​ស្ថានភាព​នៃ​ប្រទេស​ដែល​គ្មាន​សេសសល់​អ្វី​សោះ​រហូត​រីកចំរើន​ដូច​សព្វថ្ងៃនេះ​។

​សម្ដេច​បាន​បន្ថែមថា​ដោយសារ​កត្តា​សុខសន្តិភាព និង​ការអភិវឌ្ឍ កម្ពុជា​បាន​និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន និង​នៅ​ឆ្នាំ​២០២៣​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អា​សុ​ី​អាគ្នេយ៍​ហៅ​កាត់​ថា​សុ​ី​ហ្គេម ដែល​មាន​ប្រភេទ​កីឡា​ត្រូវ​ប្រកួត​ច្រើន ហើយ​សម្ដេច​បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​ខិតខំ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​បន្ថែមទៀត​។​

​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​គណៈអធិបតី បាន​ផ្ដល់​អនុសាសន៍​មួយចំនួន​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ជូន​សប្បុរសជន ពិសេស​តាមរយៈ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​បរិច្ចាគ​ធនធាន​រួមចំណែក​កសាង​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!