នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ មានប្រវែង៨៤,៧៤ គីឡូម៉ែត្រ។ ផ្លូវនេះជាប្រភេទផ្លូវចាក់បេតុងកៅស៊ូACមានកម្រាស់១៥សង់ទីម៉ែត្រ និងត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង២៣ម៉ែត្រ ដោយមាន៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង៣ម៉ែត្រសងខាង និងមានសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាលដែលមានទទឹង ៣ម៉ែត្រ ផងដែរ។
កំណាត់ផ្លូវនេះ ក៏បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប៣៣,២៦គីឡូម៉ែត្រ ក្នុងនោះផ្លូវវាងក្រុងបាត់ដំបង ប្រវែង២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ) និងបានសាងសង់ស្ពានថ្មីចំនួន២កន្លែងលើផ្លូវវាង ពង្រីកនិងជួសជុលស្ពានដែលមានស្រាប់ចំនួន១០កន្លែងលើផ្លូវមេ។ គម្រោងនេះ រួមបញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន១១៣កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។
កំណាត់ផ្លូវនេះចំណាយថវិកាសរុបប្រមាណ១៦៥.៧៨លានដុល្លារអាមេរិក ជាឥនទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល៕