(បាត់ដំបង) :នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
កំណាត់ផ្លូវនេះ មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ដែលបានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨លានដុល្លារអាមេរិក ជាឥនទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ភាគខាងជើងតភ្ជាប់បាត់ដំបង ទៅបន្ទាយមានជ័យនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។
ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង។ ដើម្បីអបអរសាទរនៃទំនាក់ទំនងនៃប្រទេសទាំងពីនេះ ជប៉ុន និងកម្ពុជាក៏មានរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន ក្នុនោះ កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។
នៅថ្ងៃនេះសម្តេចតេជោក៏បានអបអរសាទរចំពោះការប្រកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ក្រោយពីកម្ពុជាបានបើកប្រទេសជាតិឡើងវិញកាលពីដើមខែវិច្ឆិកា២០២១។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយក្រសួងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការសិក្សារបស់សិស្សានុសិស្សអំឡុងពេលនៃការបើកបវេសនកាលនេះ។
ទាក់ទងទៅនឹងបញ្ហានៃជម្ងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន៣នាក់បន្ថែមទៀត។ ដូនច្នេះ សូមអោយប្រពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ចប់ខ្ជួន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ បន្តទៀត។ សម្តេចតេជោ បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។
ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោបានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។
សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោបានថ្លែងថា លោក មីង អោងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។
ទាក់ទៅនឹងសមិទ្ធផលផ្លូវនេះផងដែរ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមីនកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើ ក្នុងការស្ថាបនាធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ចាប់ពីពេលនេះតទៅ៕