បាត់ដំបង ៖ ព្រះសង្ឃ១អង្គ នៅក្នុងកុដិ បង្អត់ចង្ហាន់១សប្តាហ៍ និងប្រើកាំបិតចាក់ធ្វើអត្តឃាតខ្លួនឯង ត្រូវអាចារ្យគណៈកម្មាការនិងពុទ្ធបរិស័ទ្ទយកម៉ូទ័រកាត់ចំរឹងបង្អួច ជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅវត្តអន្លង់រាំង ស្ថិតក្នុងភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ។
លោក អឿម ទិត្យ អធិការស្រុកបវេល បានអោយដឹងថា សង្ឃដែលធ្វើអត្តឃាតខ្លួនឯងមាននាម ឈួន ញឹម ជន្មាយុ ៥៥ ឆ្នាំគង់នៅវត្តកើតហេតុ ។
ប្រភពអាចារ្យគណៈកម្មាការ និងពុទ្ធបរិស័ទ្ទបានអោយដឹងថា ព្រះសង្ឃនាមឈួនញឹមបានបង្អត់ចង្ហាន់ខ្លួនឯង តាំងពីវេនបិណ្ឌទី១មកម្ល៉េះ ។ នៅព្រឹកកើតហេតុ តាអាចារ្យម្នាក់បានដើររកនិមន្តទៅឆាន់អាហារមិនឃើញ ។ ពេលដើរមកមុខកុដិឃើញបិតទ្វារចាក់សោរខាង ក្នុងស្រែកហៅមិនឮការឆ្លើយតបសោះ ក៏ហៅគ្នីគ្នាមកអោយជួយ ពេលនោះ ក្រុមគណៈកម្មាការសម្រេចយករណាម៉ូទ័រ កាត់ចំរឹងបង្អួចចូលមើល ស្រាប់តែឃើញសង្ឃអង្គនេះរុំស្បង់ជិតសឹង្ហលើគ្រែ បន្ទាប់មកក្រុមការងារ បានស្រាយស្បង់រុំចេញឃើញសង្ឃនេះ មានកាំបិតចិត្តបន្លែចំនួន១ប្រឡាក់ឈាមនិងរបួសចុងដង្ហើម ហើយនាំគ្នាដឹកយកទៅមន្ទីរពេទ្យធ្វើការសង្គ្រោះតែម្តង ។
លោក អឿម ទិត្យ បានសន្និដ្ឋានថា មុខរបួសសង្ឃនាម ឈួន ញឹម មិនមានអ្នកដ៏ទៃបង្កឡើយ គឺជាការប្រើកាំបិតចាក់ប៉ងសម្លាប់ខ្លួន នេះ ជាការធ្វើអត្តឃាតដោយខ្លួនឯងមិនមែនជាករណីឃាតកម្ម បង្កដោយអ្នកផ្សេងឡើយ ៕