0

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៧ ជូន​ជន​មាន​ពិការភាព​ទីទ័លក្រ ១​គ្រួសារ នៅ​ស្រុក​ព្រៃឈរ តាមរយៈ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៧ ជូន​ជន​មាន​ពិការភាព​ទីទ័លក្រ ១​គ្រួសារ នៅ​ស្រុក​ព្រៃឈរ តាមរយៈ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរ​ដោយ វត្តមាន ព្រះ​នាគ​មុនី មេគណ​ខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា រួម​នឹង​មន្ត្រី​សង្ឃ​នៃ​សាលា​គណ​ខេត្ត សាលា​អនុគណ​ស្រុក និង​អនុសាខា​ស្រុក រួម​និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ២០២២ បាន​និមន្ត និង​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​បន្ទាប់​ទី​៧ ដែល​ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត កំពង់ចាម និង​សាលា​គណ​ខេត្ត ជូន​ដល់​ជន​មាន​ពិការភាព​ទីទ័លក្រ ១​គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៦​ឆ្នាំ រស់នៅ ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​គួររំលឹកថា លោក សុខ សុភាព ជា​ជន​មាន​ពិការភាព​( ស្វិតជើង​ទាំង​២ ពី​កំណើត​) ទីទ័លក្រ មាន​ប្រពន្ធ និង​កូនស្រី ប្រុស ២​នាក់ (​អាយុ ៦​ឆ្នាំ និង ៣​ឆ្នាំ​) ក្នុងបន្ទុក​។ ជិត​៧ ឆ្នាំ​មកនេះ ជីវភាព​គ្រួសារ ក្មួយប្រុស រស់នៅ​យ៉ាង​លំបាក​បំផុត ព្រោះ​គ្មាន​ទុន គ្មាន​មុខរបរ​អ្វី​ច្បាស់លាស់ ហើយ​ខ្លូន​ឯង ក៏​ពិការ ថែមទាំង ប្រពន្ធ ក៏​មាន​ជម្ងឺ​ផ្លូវដង្ហើម មិន​អាច​ជួយ​រកស៊ី​បង្កើន​ចំណូល​បាន​ទៅទៀត សូម្បី​ជម្រក​ស្នាក់នៅ ក៏​រស់នៅ​ក្រោម​ផ្ទះ​របស់​អ្នកជិតខាង ដែរ ។ ទោះជា​យ៉ាងណាក្តី ជនពិការ​រូបនេះ ក៏​នៅ​មាន​ដី​មួយ​កន្លែង ទំហំ ៥​ម​× ២២​ម ដែល​ឪពុកក្មេក​បាន​ប្រគល់​អោយ​ជា​កម្មសិទ្ធិ​។ ក្រៅពី​ការជួយឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណ​សមធម៌ ក្រ ១ ក្មួយ សុខ សុភាព ត្រូវ​ជិះរទេះ​បង្វិល​ដៃ​ទាំង ២ ដើរ​រើស​សំបក​ដប អេតចាយ ចម្ងាយ ៧ គ​,​ម ពី​ផ្ទះ រៀងរាល់ថ្ងៃ បាន​កម្រៃ​ប្រចាំថ្ងៃ ប្រមាណ ពី ១០,០០០ រៀល ទៅ ១៥,០០០ រៀល គ្រាន់​ចិញ្ចឹម​ប្រពន្ធ និង​កូន​តូច​កំសត់ ទាំង ២​នាក់ ។

​ដោយ​មើលឃើញ​ពី​ស្ថានភាព​លំបាក​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បាន​សម្រេច​ផ្តល់​ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុត​ពី​ដី ប្រក់​ស័ង្កសី (​ទំហំ ៤​ម​×៦​ម ) ១​ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជា​ថវិកាបដិភាគ របស់​សាខា រួមជាមួយ សាលា​គណ អនុសាខា​ស្រុក​សាលា​អនុគណ ចៅអធិការ​វត្ត និង​សប្បុរសជន ជូន​គ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ តទៅ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ដល់​អ្នក​ចូលរួម​និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​អោយបាន​ជា​ប្រចាំ ហើយ​ចូលរួម​ទប់ស្កាត់​ការឆ្លង នៃ​ជម្ងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ដោយ​បុគ្គល ម្នាក់ៗ ក៏ដូចជា ក្រុមគ្រួសារ​នីមួយៗ រួមទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី ចាំបាច់ ត្រូវ បន្ត​រៀន​រស់ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត អោយបាន​ខ្ជាប់ខ្ជួន តាម វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ក្នុងស្ថានភាព​ដែល​វីរុស​បម្លែង​ខ្លួន ប្រភេទ​ថ្មី Omicron បាន​នឹង កំពុង​ចរាចរ ជា​បន្តបន្ទាប់​ពី​ក្រៅ​ប្រទេស ចូលមក​កម្ពុជា ដែល​នេះ ជា​ក្តីកង្វល់​ដ៏​ធំ សម្រាប់​ប្រទេសជាតិ​យើង ពិសេស នៅក្នុង​គ្រួសារ និង សហគមន៍ ។​

​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​គ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់​ការ​ឡើងផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ១០០​គ​ក្រ​, ត្រីខ ២០​កំប៉ុង​, ទឹកត្រី ១២​ដប ទឹកស៊ីអ៊ីវ ១២​ដប​, មី ២​កេស​, ឃី​ត ២​សម្រាប់​, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារ​ផ្ទះបាយ និង​ថវិកា ២០០,០០០​រៀល ។ ជាមួយ​នោះ អនុសាខា​ស្រុក និង​សាលា​អនុគណ​ស្រុក ឧបត្ថម្ភ​បន្ថែម​ថវិកា ៤០០,០០០ រៀល ។​

​ដោយឡែក លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​ប្រគល់​- ទទួល​ផ្ទះ​ថ្មី នេះ ចំនួន ១៨ នាក់ ក៏​ទទួលបាន​អំណោយ​មនុស្សធម៌ ក្នុង ម្នាក់ ៗ មាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!