ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងវត្តស្រះរាំង ក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម បាល់ សំអឿនសមាជិករដ្ឋសភា ប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាណត្តិបោះឆ្នោត ឃុំ សង្កាត់ នៅពេលខាងមុខនេះបើឃុំស្រះរាំង ឈ្នះឆ្នោត ប្រធានក្រុមការងារចុះជួយឃុំស្រះរាំងនិងខិតខំជួយឃុំស្រះរាំងនេះឲ្យរីកចំរើនទ្វេរដងបន្តទៀត ។
ពិធីសំណេះសំណាលនោះមានការចូលរួម ឯកឧត្តម អន ស៊ុំ សមាជិកសភាប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឱ បូរិន្ទ ប្រធានក្រុមការងារចុះជួយឃុំស្រះរាំងនិងប្រជាពលរដ្ឋជាង២០០នាក់ បានចូលរួមផងដែរ ។ ឯកឧត្តម ប៉ាល់ សំអឿន បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ ហើយថ្ងៃនោះហើយមេឃុំស្រះរាំងត្រូវខិតខំប្រឹងប្រែងចុះឲ្យដល់មូលដ្ឋានភូមិប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត តើគាត់ចង់បានអ្វីខ្លះពីថ្នាក់ដឹកនាំឃុំ ។
បញ្ហាសំខាន់ៗរួមមាន បញ្ហាទឹកធ្វើស្រែ បញ្ហាប្រើប្រាស់ថ្នល់លំឲ្យល្អនៅតាមភូមិ ភ្លើងអគ្គីសនី មន្ទីរពេទ្យជាដើម ។ ក្នុងនោះ លោក ដួង ពែក មេឃុំស្រះរាំងបានមានប្រសាសន៍ថា ក្នុងឃុំស្រះរាំងកន្លងមកមានការរីកចំរើននិងអភិវឌ្ឍន៍លើគ្រប់វិស័យដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំស្រះរាំងទាំងមូលមានការពេញចិត្តយ៉ាងខ្លាំងដោយសារតែមាន ឯកឧត្តម ឱ បូរិន្ទ ចុះជួយកសាងដូចជាធ្វើផ្លូវក្រាលគ្រួសក្រហម ស្តាអូរ ស្តារប្រឡាយ ធ្វើសំណង់ស្ទាក់ទឹក ជួយសាងសង់អាគារសិក្សាអនុវិទ្យាល័យថ្មី១២បន្ទប់ ជួយធ្វើការឧបត្ថម្ភ ដល់ជនក្រីក្រ និងចាស់ជរា គ្មានទីពឹង បង្កើនកំលាំងការពារភូមិ ឃុំមានសុវត្តិភាព ផ្សព្វផ្សាយច្បាប់ផ្សេងៗដល់ប្រជាពលរដ្ឋ និងបង្កើតប៉ុស្តិ៍យាមនៅតាមភូមិ បណ្តុះបណ្តាលវិជ្ជាវិវៈដល់ស្ត្រី បានទប់ស្កាត់ការជួញដូរគ្រឿងញៀន ក្នុងភូមិបានជោគជ័យ ចុះអប់រំអំពីសិទ្ធបុរសនិងស្ត្រី។លោកដួង ពែក បានបញ្ជាក់ទៀតថាឯកឧត្តម ឱ បូរិន្ទ បានស្តារជីកស្រះ អណ្តូងទឹកនិងការដោះស្រាយទឹកតាមមធ្យោបាយនៅតាមភូមិដែលមិនមានប្រភពទឹកគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ។
ចំណែក អគ្គីសនីវិញ ( ត ) ចូលដល់៩ភូមិក្នុងឃុំស្រះរាំងហើយមានតម្លៃថោក ចំណែកសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ និងចុះឈ្មោះបញ្ជីមរណៈភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនយកកំរ៉ៃនោះទេ ។ ពិសេសគឺបញ្ហាស្រូវដែលប្រជាកសិករធ្វើបានហើយគ្មានទីផ្សារ ស្រូវធ្លាក់ចុះថោកយ៉ាងកំហុកស្រេចតែឈ្មួញឲ្យតម្លៃធ្វើឲ្យអ្នកស្រែមួយចំនួនខាតចុងខាតដើមជំពាក់លុយធនាគារ លោកបានជួយរកទីផ្សារលក់ស្រូវជូនប្រជាពលរដ្ឋកុំឲ្យឈ្មួញធ្វើការបង្អាប់តម្លៃស្រូវខ្លាំងពេកទៀតផង ។
ប្រជាពលរដ្ឋដែលបានចូលរួម នាំគ្នាប្តេជ្ញាចិត្តថា នឹ ងខិតខំយកឈ្នះក្នុងការបោះឆ្នោត ឃុំ សង្កាត់នៅថ្ងៃខាងមុខនេះឲ្យទាល់តែបាន ព្រោះសំអាងថា កន្លងមកមានឯកឧត្តម ឱ បូរិន្ទ ប្រធានក្រុមការងារចុះជួយឃុំស្រះរាំង ឯកឧត្តម បានខិតខំជួយកសាងសមិទ្ធិផលយ៉ាងច្រើនមិនអាចគណនាបានធ្វើឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្តបាន. ការបោះឆ្នោតជ្រើសរើស មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មាន១៦រូប មកពីចំនួន៩ភូមិ មានប្រជាពលរដ្ឋចូលបោះឆ្នោតចំនួន៦៥៤នាក់ ហើយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនោះមានចំនួន២.៥៨៣នាក់ស្រី១.៤១៨នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជារួមមាន១.៩០៥នាក់ ស្រី១.០៧២នាក់ នៅក្នុងនៅក្នុងឃុំស្រះរាំង ៕