សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានទទួលមរណៈភាពដោយរោគគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ ។ សពសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានដឹកតាមយន្តហោះពីប្រទេសសឹង្ហបុរី មកដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីធ្វើតាមប្រពៃណី ។
ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្ត្រី កាលបីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក៏បានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំបុរេប្រទានថវិកាចំនួន ៣.០០០.០០០.០០០រៀល (បីប៊ីលានរៀលគត់)។ ដោយយោងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។
លោកប៊ុន អ៊ុយ រដ្ឋមន្ត្រីស្តីទី នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចស្នើសុំបុរេប្រទានថវិកាចំនួន ៣.០០០.០០០.០០០រៀល សម្រាប់ចំណាយរៀបចំពិធីបុណ្យសពសម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយចំណាយថវិកាជំពូក ៦២ (៦២០២៨) ។
សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់គោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។
បើតាមព្រះរាជក្រឹត្យ សម្តេចវិបុលបញ្ញា សុខ អាន បានចូលបម្រើជាតិមាតុភូមិកម្ពុជា តាមរយៈរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបាននាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី ។
ជីវប្រវត្តិរបស់សម្ដេចវិបុលបញ្ញា សុខ អាន
សម្ដេចវិបុលបញ្ញា សុខ អាន សព្វថ្ងៃជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចកើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៥០ សម្ដេចកើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អាយ អាន្នី សុខ អាន មានកូនស្រីមួយនាក់ និងកូនប្រុសបួននាក់។ទី១.សុខ សុម៉ា(ស្រី) ២.សុខ ពុទ្ធីវុធ (ប្រុស) ៣. សុខ សូកាន (ប្រុស) ៤. សុខ សូកេន (ប្រុស) ៥.សុខ សង់វ៉ា (ប្រុស) ។
ទាក់ទងនឹងបទពិសោធន៍របស់សម្ដេចវិបុលបញ្ញា សុខ អាន
២០០៤-បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
១៩៩៣-បច្ចុប្បន្ន សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ
១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស គណៈបក្សប្រជាជន អនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
១៩៨៨ អនុរដ្ឋមន្ដ្រីក្រសួងការបរទេស
១៩៨៥ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា
១៩៨៣ អគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា
១៩៨១ អគ្គលេខាធិការ នៃក្រសួងការបរទេស ប្រធានខុទ្ទកាល័យផ្ទាល់របស់សម្ដេច ហ៊ុន សែន ក្រសួងការបរទេស ៕
លោក ហុក វិបុល