ខេត្តកំពង់ស្ពឺ ៖ ឈ្មោះឆេង ឡុងជាមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណិតជាច្រើនឆ្នាំកន្លងមក ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងអាវុធហត្ថខេត្តកំពង់ឡោមពទ្ធ័ភូមិគ្រិះ ដកហូត រថយន្តទាំង២គ្រឿងនិងឈើប្រណិតជាង៨០គូប នៅល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានបង្ហើប អោយដឹងថាការចុះឡោមពទ្ធ័ទីតាំងភូមិគ្រិះ ខាងលើនេះ គឺធ្វើការតាមដានជាយូរមកហើយ ប៉ុន្តែមេឈ្មួញដែលជាមន្ត្រីអាវុធហត្ថនេះ ហាក់បីដូចជាដឹងខ្លួនមុន ហើយបានចាត់ក្រុមកូនចៅរបស់គេនោះ បើករថយន្តធុនធំ(យីឌុប)ចំនួន២គ្រឿងចេញក្រៅ។ ប៉ុន្តែបើកចេញបានតែ១គ្រឿងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចជំនាញឃាត់បាន១គ្រឿង រីឯ១គ្រឿងទៀតក៏ចាប់នៅមុខផ្ទះតែម្តង ដោយមានដឹកឈើប្រណិតប្រភេទធ្នុងជាច្រើនពេញរថយន្ត។ រថយន្តនោះ(ម៉ាកហ៊ីយ៉ាន់ដាយ)ពណ៌សកន្ទុយពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3A9126។
ប្រភពបន្តថានៅក្នុងរថយន្តទាំង២គ្រឿងនេះមានឈើប្រណិតមិនក្រោម៨០គីបនោះទេដែលមេឈ្មួញឈ្មោះឆេង ឡុងនេះប្រុងដឹកទាំងថ្ងៃឆ្លងទៅប្រទេសវៀតណាមនោះ ។បច្ចុប្បន្នឈើនិងរថយន្តបានកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
ប្រជាពលរដ្ឋថា មេឈ្មួញដុះស្លែនេះមានទាំងលុយមានទាំងអំណាចទើបហ៊ានរកស៊ីមិនខ្លាចសូម្បីជំនាញរដ្ឋបាលព្រៃឈើ កម្លាំងទាំង៣អង្គភាពមិនថាក្នុងខេត្តកំពង់ស្ពឺនិងខេត្តដែលត្រូវឆ្លងកាត់ដូចជាតាកែវ កំពតជាដើម ៕