ខេត្តបន្ទាយមានជ័យ ៖ មានករណីភ្លើងឆេះផ្ទះមួយខ្នងថ្ម្នក្រោម ឈើលើ(មានម្ចាស់ជាគ្រូបង្រៀន) ដោយសារផ្ទុះស្សេខ្សែភ្លើង ហើយបុរសម្នាក់រងរបួសធ្ងន់ពេលចូលជួយពន្លត់ភ្លើង នៅម៉ោង៣រសៀលថ្ងៃទី១១ខែមិនាឆ្នាំ២០១៧ នៅចំណុចក្រុមទី៥ ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា ហេតុការណ៍ការឆេះផ្ទះ គឺឃើញមានផ្សែងហុយចេញពីខាងក្រោយផ្ទះមកវិញ ហើយពេលភ្លើងឆេះខ្លាំងឃើញម្ចាស់ផ្ទះស្ទុះរត់ចេញក្រៅយករួចតែខ្លួន ដោយមិនគិតពីទ្រព្យសម្បត្តិឡើយ។ ហើយបុរសម្នាក់ជាអ្នកជិតខាង ចូលជួយពន្លត់រអិលជើងដួល២ដង រងរបួសបែកពពុះមាត់ត្រូវអ្នកជិតខាងជួយយកទៅមន្ទីរពេទ្យដលម្បីសង្គ្រោះបន្ទាន់។
ផ្ទះដែលឆេះមានទំហ៊ុំ៨ម៉ែត្រគុណ៣០ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ប្រក់សង្ក័សី មានម្ចាស់ឈ្មោះសោគឹមឡុងភេទស្រីអាយុ៥៧ឆ្នាំមានរបរជាគ្រូបង្រៀននៅសាលាមេត្តយ្យគំរូ និងមានទីលំនៅខាងលើ។ ពេលភ្លើងឆេះផ្ទះទាំងស្រុងជិតរលត់ទៅវិញហើយ ទើបឃើញរថយន្តអគ្គីភ័យមកដល់។
សមត្ថកិច្ចនគរបាលស្រុកមង្គលបូរីម្នាក់បានឲ្យដឹងថា រថយន្តអគ្គីភ័យមកពន្លត់ជារបស់ស្នងការការដ្ឋាននគរបាលខេត្ត មិនមាននៅស្រុកទេ ដូច្នេះការជួយអន្តរាគមន៍ វាមានការយឺតយ៉ាវដូច្នេះឯង ។ ការបាញ់ទឹកពន្លត់បានជួយមិនឲ្យឆេះឆ្លងទៅផ្ទះបងប្អូនម្ចាស់ផ្ទះសោគឹមឡុងនៅជាប់គ្នានិងមិនរាលដាលដល់ផ្ទះអ្នកជិតខាង។ ការខូចខាតមិនទាន់ដឹងនៅឡើយ គ្រាន់ដឹងថាមានរថយន្តមួយគ្រឿងនៅក្នុងផ្ទះផង។
សមត្ថកិច្ចនគរបាលបានដាក់ការសន្និដ្ឋានថាករណីឆេះផ្ទះខាងលើគឺបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ៕