ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពី លោកជំទាវ សុង ផល្លីន សួន បវរ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងអោយ ឯកឧត្តម លី សារី ប្រធានគណ:កម្មាធការ ខេត្តបន្ទាយមានជ័យ និងលោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា សាខានិងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣៣៦គ្រួសារ មកពីឃុំចំនួនបី រួមមាន ឃុំចង្ហា ឃុំសិង្ហ និងឃុំសូភី នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងបរិវេណវត្តពោធិ៍សម្ភារៈជ្រៃឈូក នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ។
នៅក្នុងឱកាសសំណេះសំណាលជាមួយគ្រួសារទទួលផល ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងអស់ និងបានណៃនាំដល់បងប្អូន សូមថែរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុងជានិច្ច។ ជាងនេះទៅទៀត សូមបងប្អូនទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចនៅពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ។ បន្ថែមពីលើនេះទៀត សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកុំពិសារគ្រឿងស្រវឹង។ រឹតតែពិសេសជាងនេះទៀត សូមការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ ព្រមទាំងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចនូវគ្រាប់មីនមិនទាន់ផ្ទុះ។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ រំភើបរីករាយក្រៃលែង និងបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលចែកជូនគ្រួសារនីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកអ្នកពិការ និងចាស់ជរាមួយចំនួន ទទួលបានថវិកាមួយចំនួនបន្ថែមទៀត ៕
ចាន់ ដារ៉ា