ខេត្តពោធិ៍សាត់៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន ដឹកនាំ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ សហការជាមួយក្រុមវេជ្ជសាស្ត្រភូមិភាគ៥ ជាង៣០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ ដោយផ្តោតសំខាន់ទៅលើជំងឺភ្នែកឡើងបាយ ជំងឺភ្នែកកន្ទុយថ្លែន មាត់ធ្មេញ អេកូសាស្ត្រ និងប្រភេទជំងឺទូទៅ ព្រមទាំងការវះកាត់ទ្រង់ទ្រាយតូច ដែលធ្វើឡើងនៅទីបញ្ជាការកងល្បាតទី៦ នៃកងការពារព្រំដែនលេខ៥០១ ចំណុះយោធភូមិភាគ៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អាជ្ញាធរស្រុកនាយទាហាន នាយទាហានរង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកជំទាវ ហ៊ុន ម៉ាណា បានបញ្ជាក់ថា សកម្មភាពលើកនេះ មួយផ្នែកគឺជាយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យក្រុមវេជ្ជសាស្ត្រ ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំថ្មដា។ លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចំណាយពេលវេលា ចុះពិនិត្យព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅពេលនេះ។
ប្រជាពលរដ្ឋមកពិនិត្យ បានទទួលអាហារសម្រន់ សម្រាប់ទទួលទានក្នុងការរង់ចាំការពិនិត្យ និងព្យាបាលជំងឺ ក្រោយពេលពិនិត្យ និងព្យាបាល សុខភាព ពួគគាត់ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះ សកម្មភាពមនុស្សធម៌ របស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោផងដែរ៕