កំពត ៖ នៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តកំពត បានរៀបចំធ្វើសន្និបាតបូកសរុបស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅបន្តឆ្នាំ២០១៧ ។ ពិធីនេះ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត អមដោយអស់លោកជាថ្នាក់ដឹកនាំខេត្តជាច្រើនរូប ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន ជុំវិញខេត្ត និងមន្ត្រីរាជការស្ថិតក្រោមចំណុះនៃស្ថាប័នពាក់ព័ន្ទផងដែរ។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានស្រង់របាយការណ៍ថា វិស័យសុខាភិបាលជាជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណនិងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក៏ដូចជាមន្ទីរសុខាភិបាល ដោយបានអនុវត្តនូវគោលនយោបាយក្នុងការកាត់បន្ថយនូវអត្រាឈឺនិងស្លាប់របស់មាតា កុមារ ព្រមទាំងជម្ងឺឆ្លង ជម្ងឺមិនឆ្លងនិងកក្តាគ្រោះថ្នាក់ផ្សេងៗដែលបានកើតឡើងជាយថាហេតុ៘ លើសពីនេះ ក្រោមការចង្អុលបង្ហាញពីក្រសួងសុខាភិបាល ក៏ដូចជាការណែនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុវខេត្តកំពតបានធ្វើឱ្យមន្ទីរសុខាភិបាលមានឱកាសនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធិផលក្នុងការសម្រេចបាននូវអត្រាគ្របដណ្តប់ខ្ពស់និងកាត់បន្ថយបានជាអតិបរិមានូវអត្រាស្លាប់របស់មាតា ទារកនិងកុមារ ការឈឺស្លាប់ដោយជម្ងឺឆ្លង សំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សឆ្នាំ២០១៥ ហើយក៏បានធ្វើឱ្យអត្រាអ្នកស្លាប់កាន់តែថយចុះជាលំថដាប់ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត បាន គូសបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំក្នុងខេត្តកំពត លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណិ្ឌត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ដែលបានធ្វើរបាយការណ៍ស្តីពីលទ្ធផល សមិទ្ធិផលនានាក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតរបស់យើង ហើយនេះក៏ជាព័ត៌មានមួយដ៏មានសារៈសំខាន់សំរាប់ឱ្យយើងទាំអស់គ្នាធ្វើការវិភាគមើលចំពណុចខ្លាំង-ចំណុចខ្សោយក្នុងការរៀបចំផែនការអនុវត្តន៍ក្នុងឆ្នាំ២០១៧ ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត ។ ដើម្បីចូលរួមលើកកំពស់ការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណស៊ីជំរៅដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនិងដើម្បីកែលំអសូចនាករសុខភាពសំខាន់ៗឱ្យកាន់តែប្រថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រជាតិ២០១៤-២០១៨របស់រាជេរដ្ឋាភិបាលកម្ពុជានិតិកាលទី៥នៃរដ្ឋសភាកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយនិងត្រឹមត្រូវក្នុងការអភិវឌ្ឍន៍ប្រទេសជាតិពោរពេញដោយភាពជឿនលឿននិងការរីកចម្រើនគ្រប់វិស័យ ទាំងពុទ្ធចក្រនិងទាំងអាណាចក្រ។
ឯកឧត្តមក៏បានវាយតម្លៃថា ក្នុងឆ្នាំ២០១៦កន្លងមកនេះ វិស័យនានាក្នុងខេត្តកំពត ពិតជាមានការរីកចម្រើនពិសេសវិស័យសុខាភិបាល ដែលបានកាត់បន្ថយនូវអត្រា ឈឺនិងស្លាប់ និងជួយសង្គ្រោះនូវគ្រោះមហន្តរាយផ្សេងៗផងដែរ ដោយសង្ឃឹមថាការអនុវត្តន៍ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខរឹតតែទទួលបានលទ្ធផលកាន់តែប្រសើរឡើងលើសមួយកំរិតថែមទៀត ៕
ណារិទ្ធ