ខេត្តកំពត ៖ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបចំពិធី បំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលស្រុកកំពង់ត្រាចចំនួន ៥៣នាក់ ដែលមកពីអធិការដ្ឋានស្រុកចំនួន ៣២នាក់ មកពីវរៈ ៦០១ ចំនួន ១៦នាក់ ក្នុងនោះមានថ្នាក់អនុសេនីយ៍ឯក ១៦នាក់, អនុសេនីយ៍ទោ ៣៤នាក់, អនុសេនីយ៍ ត្រី ០៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ខ្លាង ភិរុន ស្នងការនគរបាលខេត្តកំពត លោក ប៊ុត សុខមុនី អធិការនគរបាលស្រុកកំពង់ត្រាច បានអាននូវរបាយការណ៍ស្វាគមន៍ដល់ ឯកឧត្តម អស់លោក ដែលជាថ្នាក់ដឹកនាំ និងកងនគរបាលទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ។
ក្នុងនោះ លោកអធិការលើកឡើងពីការខិតខំប្រឹងប្រែងរបស់កងនគរបាលស្រុក ដែលខំប្រឹងប្រែងការពារ នូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ និងលើកឡើងអំពីជោគជ័យជាជ្រើនដែលអធិការដ្ឋាន នគរបាលស្រុកសម្រេចបាន ។
លោកវរៈសេនីយ៍ទោ សឿន សម្បត្តិ នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអាន នូវសេចក្តីសម្រេច ដែលជាអនុក្រឹត្យ តែងតាំងតម្លើងឋានន្តរស័ក្តិដល់កងនគរបាលទាំងអស់ ដែលត្រូវបំពាក់ ឋានន្តរ ស័ក្តិ ។ តំណាងឱ្យមន្ត្រីនគរបាលដែលត្រូវបំពាក់ ឋានន្តរស័ក្តិក៏បានប្តេជ្ញាចិត្តថា នឹងខិតខំគោរពវិន័យ និងច្បាប់ដែល ថ្នាក់លើដាក់ចុះ ការពារសន្តិសុខជូនដល់ប្រជាពលរដ្ឋឱ្យបានមួយរយភាគរយ លោកអភិបាលស្រុកកំពង់ត្រាច ក៏បាន ផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ដែលទើបទទួលបានឋានន្តរស័ក្តិផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រីខេត្តកំពត ក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើដល់អស់លោកនាយ នាយរងទាំង អស់ដែលបានបំពាក់ឋានន្តរស័ក្តិថ្មីៗថា អស់លោកត្រូវតែគោរពច្បាប់ មិនត្រូវធ្វើអ្វីឱ្យប្រាសចាកពីច្បាប់ឡើយ ព្រោះ ច្បាប់គឺជាគោលការណ៍សំខាន់ណាស់សម្រាប់តួនាទីរបស់ដែនសមត្ថកិច្ចយើង ក្នុងការបំរើជូនដល់ប្រជាពលរដ្ឋឱ្យបាន គ្រប់ជ្រុងជ្រោយ ជាពិសេសលក្ខណៈសម្បត្តិ ៩ យ៉ាងជាចំណុចសំខាន់ៗ ក្នុងការពង្រឹងគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព ដូច្នេះលោកមេឃុំ ត្រូវរួមគ្នាជាមួយលោកនាយប៉ុស្តិ៍ដើម្បីបង្ក្រាបបទល្មើសផ្សេងៗឱ្យបាន ដើម្បីការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា មន្ត្រីដែលទទួលបន្ទុកធ្វើអត្តសញ្ញាណប័ណ្ណ ក៏ត្រូវ តែធ្វើឱ្យបានច្បាស់លាស់ ដោយយកច្បាប់ជាគោលការណ៍ ព្រមទាំងការងារអន្តោប្រវេសន៍ផងដែរ ឯកឧត្តម ក៏បាន បន្តទៀតថា កងនគរបាលទាំងអស់ក្នុងស្រុកត្រូវតែរៀបចំដាក់កម្លាំងដើម្បីការពារនូវសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ គ្រប់វត្តអារាមទាំងអស់នៅពេលរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះ ។/ ដោយ ៖ ដារា