រាជធានីភ្នំពេញ ៖ ទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ត្រូវ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដកហូតថ្នាំញៀន ២៤កញ្ចប់តូចចធំ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ជា គា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ (ជួញដូរ) មានទីលំនៅផ្ទះលេខ៤៤៧B ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះ គង់ សាម៉ឺឌី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ បោកខោអាវ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកឯសំភារៈដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាចំនួន ២៤កញ្ចប់ ដោយក្នុងនោះមាន ១០កញ្ចប់ធំ, ១៤កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើងបាន បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ២នាក់ និងបានដកហូតថ្នាំញៀន ១៥កញ្ចប់តូចធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយមក សមត្ថកិច្ចយើងបានធ្វើការសាកសួរទៅលើជនសង្ស័យទាំង ២នាក់ខាងលើរួចមក ហើយសមត្ថកិច្ចយើងបានបន្តទៅឆែកឆេរទីតាំង មួយកន្លែងទៀតដែលជាផ្ទះរបស់ឈ្មោះ មាក ដោយនៅក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចយើងបានរកឃើញថ្នាំញៀនចំនួន ៩កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយជនសង្ស័យទាំង ២នាក់ ត្រូវសមត្ថកិច្ចយកទៅធ្វើការសាកសួរបន្តនៅអធិការខណ្ឌ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី់៕