បន្ទាយមានជ័យ៖ កាលម៉ោងជាង៤ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលមួយថា នៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតកម្ពុជា-ខ្លងលឹកថៃនឹងត្រូវបិទ បន្ទាប់ពីពលរដ្ឋ និងកងកម្លាំងថៃ នៅច្រកព្រំដែនរកឃើញខិតប័ណ្ណ ដែលសរសេរអំពាវនាវឲ្យមានការប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មប្រឆាំងគយថៃ ពាក់ព័ន្ធនឹងករណីសមត្ថកិច្ចថៃ ចាប់ និងត្រួតពិនិត្យដោយរឹតត្បិតលើទំនិញគីប និងទំនិញមួយចំនួនទៀតរបស់ពលរដ្ឋខ្មែរ ចូលទៅផ្សាររោងក្លឿរបស់ថៃ។
ប្រភពព័ត៌មានពីឲ្យដឹងថា គេរើសបានខិតប័ណ្ណអក្សរខ្មែរ សរសេរដោយដៃមួយចំនួន នៅលើផ្លូវច្រកព្រំដែនខាងថៃ កាលពីម៉ោងប្រមាណជា ៤ល្ងាចថ្ងៃនេះ។ រហូតដល់ម៉ោងប្រមាណជា៤កន្លះ គេឃើញរថយន្ដរបស់ថៃ ពីរបីគ្រឿង ឈប់ពាំងផ្លូវ ខាងទឹកដីថៃ ដែលនាំឲ្យមានការយល់ច្រឡំ និងផ្អើលថា ថៃនឹងបិទព្រំដែន ប្រសិនជាបាតុករកម្ពុជា ធ្វើបាតុកម្មប្រឆាំងគយថៃ ករណីសមត្ថកិច្ចថៃ ជាពិសេសមន្ដ្រីគយ បានរឹតត្បិត និងចាប់ទំនិញរបស់កម្មករ និងឈ្មួញខ្មែរតូចតាចក្នុងរទេះអូសលើផ្លូវច្រកព្រំដែន និងនៅក្នុងតូប ឬស្ដង់ឯផ្សាររោងក្លឿ។
លិខិតប័ណ្ណទាំងនោះ មានសរសេរក្នុងន័យអំពាវនាវប្រហាក់ប្រហែលគ្នាថា “សូមរួមគ្នាធ្វើបាតុកម្ម ដើម្បីបិទព្រំដែន រកយុត្តិធម៌ឲ្យអ្នកលក់ដូរ នៅផ្សាររោងក្លឿ ដែលគយថៃចាប់អីវ៉ាន់ទាំងអស់គ្នា លេខទូរស័ព្ទ ០៩៧ ៨២ ៥៨ ០៥៧ ” ជាដើម។ បន្ទាប់មក គេឃើញមានកម្លាំងនគរបាល និងកងទ័ពភាគីទាំងពីរទាំងសងខាងព្រំដែន ត្រូវបានបញ្ជូនមកគ្រប់គ្រងសភាពការណ៍ជាច្រើននាក់ផងដែរ។
លោក អាន វណ្ណៈ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ឲ្យដឹងគេមិនដឹងថា “ខិតប័ណ្ណទាំងនោះ ត្រូវបានថៃរើសបានពីពេលណានោះទេ។ ប៉ុន្ដែជាក់ស្ដែង រហូតមកទល់ល្ងាចនេះ ច្រកព្រំដែននៅបើកដំណើរការជាធម្មតា គ្រាន់តែកងកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ ជាងមុន ព្រោះខ្លាចមានសកម្មភាពធ្វើបាតុកម្ម ដូចខ្លឹមសារអំពាវនាវនោះមែន” ៕