ខេត្តកំពង់ធំ ៖ រថយន្ដទេសចរណ៍ម៉ាកហ៊ីយ៉ាន់ដាយ៤៥កៅអី មួយគ្រឿង ដឹកឈើសុក្រំនិងគ្រឿងសង្ហារឹមនិងមនុស្ស៣នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍បង្ក្រាបបាន នៅព្រឹកថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ6ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំ ។
បើតាមសម្តី ស៊ាន វ៉ា តៃកុងរថយន្ត រថយន្តម៉ាកហ៊ីនដាយប្រភេទទេសចរណ៍៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ 3C6871ពណ៌ខៀវឆ្នូតស បានឱ្យដឹងថា រថយន្តដឹកឈើ ប្រណិតប្រភេទ សុក្រំនេះដឹកចេញពីខេត្តព្រះវិហារឆ្ពោះទៅលក់នៅភ្នំពេញ គាត់ជាអ្នកស៊ីឈ្នួលដឹកអោយថៅកែម្នាក់ឈ្មោះ កា រស់នៅ ខេត្តព្រះវិហារ ក្នុងមួយជើងតំលៃ៨ម៉ឺនរៀលចំណែកព្រូក្នុងមួយជើងតំលៃ4ម៉ឺនរៀល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា ៖ មុនធ្វើការចាប់ឃាត់រថយន្តដឹកឈើប្រណិតនេះ លោកមានការសង្ស័យថា ប្រហែលមានដឹកឈើក៏ស្ទាក់ឃាត់ ដើម្បីត្រួតពិនិត្យបានឃើញ ក្រោយមកបានអូសរថយន្ដយកមករក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ ដើម្បីធ្វើការវាស់វែងឈើ ដែលឃាត់បានសរុបចំនួន២០ដុំប្រវែង២ម៉ែតស្មើ ៨ ផ្លាន ៣ ម៉ែត ១ តឹក និងតុក្កតាសម្រាប់អង្គុយចំនួនជាង១០គ្រាប់។ នៅក្នុងរថយន្តមែន តៃកុងរថយន្តឈ្មោះស៊ាន វ៉ាភេទប្រុសអាយុ៦០ឆ្នាំទីលំនៅភូមិនាងគម្ហីង ឃុំសំប៊ួមាសស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងព្រូរថយន្ត២នាក់ទៀតត្រូវបានជំនាញរដ្ឋបាលព្រៃឈើបារាយណ៍ធ្វើការសាកសួរ ៕