ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់កំពង់អង្គុយផឹកស៊ីជាមួយមិត្តភ័ក្រនៅមុខផ្ទះ សុខៗស្រាប់តែមានជនសង្ស័យម្នាក់ចុះពីលើម៉ូតូយកកាំបិតមកកាប់ចំក្បាលបណ្តាលឲ្យរបួសធ្ងន់នៅវេលាម៉ោង១រំលងអធ្រាត ចូលថ្ងៃទី១៦ខែកុម្ភ: ឆ្នាំ២០១៧នៅចំណុចខាងត្បូងវត្តថ្មី ចម្ងាយ១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាយុវជនរងគ្រោះមានឈ្មោះយន់ ឈុំ អាយុ២៣ឆ្នាំ រស់នៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ជនរងគ្រោះកំពុងផឹកស៊ីជាមួយមិត្តភ័ក្តនៅមុខផ្ទះ សុខៗ
ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកឈប់នៅកន្លែងផឹកសីុរួចចុះពីលើម៉ូតូយកកាំបិតតាំងតោកាប់ចំក្បាលលើត្រចៀកខាងឆ្វេងបណ្ដាលឲ្យរងរបួសប្រវែង០,១៥សង់ទីម៉ែត្រធ្វើជនរងគ្រោះរបួសធ្ងន់ក្រោយពីធ្វើសកម្មភាពរួចរត់ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ។
ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ។ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋហើយកម្លាំងអាវុធហត្ថកុំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់នៅពេលខាងមុខនេះ ៕