កម្ពុជា-ប្រទេសថៃ ៖ គ្រុំខៀវក្នុងដែនសមុទ្រខ្មែរ ធំហើយឆ្ងាញ់ជាង គ្រុំខៀវប្រទេសថៃ ដែលជនជាតិថៃហៅថា«ហយម្ល៉ែងភូ» កំពុងពេញនិយមជាទីបំផុត នៅចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ដែលនាំចេញពីខេត្តកោះកុងប្រទេសកម្ពុជាឆ្ពោះ ចូលទីផ្សារតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសថៃក្នុង១ថ្ងៃ១២តោន។
តាមសម្តីស្ត្រីរកស៊ីទិញលក់គ្រុំឈ្មោះសិរី អាំផន អាយុ៧២ឆ្នាំ រស់នៅក្នុងខេត្តត្រាត ប្រទេសថៃ បានរៀបរាប់ថា អុំស្រីបានប្រកបមុខរបរជាអ្នកទិញលក់ នូវគ្រុំខៀវនេះ ពីដែនសមុទ្រខ្មែរ មកកាន់ទីផ្សារប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ រហូតមានការទុកចិត្តគ្នាជាមួយនឹងជនជាតិខ្មែរ ដែលជាអ្នកចិញ្ចឹមគ្រុំខៀវ នៅក្នុងខេត្តកោះកុង ថែមទៀតផង ។
អុំស្រីបានបន្តថា ចាប់ពីដើមខែធ្នូ រហូតដល់ចុងខែមីនា គឺជារដូវនៃការប្រមូលពពួក« ហយម្ល៉ែងភូ » គ្រុំខៀវ ដើម្បីចែកចាយទៅតាមទីផ្សារហើយ ដោយគ្រុំនេះនៅក្នុងដែនសមុទ្រថៃក៏មានអ្នកចិញ្ចឹមដូចដែនសមុទ្រខ្មែរដែរ ប៉ុន្តែមូលហេតុ ដែលតម្រូវអោយគាត់ឈានជើងទៅទទួលយកពីខាងខ្មែរយកមកលក់ និងចែកចាយតាមទីផ្សារក្នុងប្រទេសថៃ ដោយសារតែរបស់ខ្មែរមានខ្នាតធំជាងគ្រុំថៃ ដែលធ្វើអោយអ្នកបរិភោគចូលចិត្តព្រោះវាមានឱជារសឆ្ងាញ់ពិសារ ។
ស្ត្រីវ័យចំណាស់រូបនេះបានលើកឡើងអំពីមូលហេតុដែលគ្រុំខៀវមានខ្នាតខុសគ្នាគឺ គ្រុំខៀវរបស់ខ្មែរ ដែលគេចិញ្ចឹមដោយប្រើប្រាស់បង្គោលរាប់រយដើមបោះនៅក្នុងផ្ទៃទឹកសមុទ្រ ដើម្បីអោយគ្រុំប្រភេទនេះតោងរហូតដល់ធំ គឺមានរយៈពេល១ឆ្នាំពេញ ទើបប្រមូលយកមកលក់ ។ ដោយឡែក គ្រុំខៀវនៅដែនសមុទ្រថៃចិញ្ចឹមបានតែពី៦ ទៅ៧ខែតែប៉ុណ្ណោះ ត្រូវបង្ខំចិត្តចាប់លក់ ព្រោះបើមិនដូច្នេះទេ គ្រុំនេះនឹងត្រូវវិនាសទៅវិញ ដោយសារតែជួបនឹងការផ្លាស់ប្តូរ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃអាកាសធាតុ។
នៅរៀងរាល់ឆ្នាំ គឺអុំស្រីជាអ្នកទំនាក់ទំនងលើកយកគ្រុំខៀវពីជនជាតិខ្មែរ ដែលរស់នៅខេត្តកោះកុង ក្នុងតំលៃ១គីឡូក្រាម ៨បាត ដោយគាត់បានប្រើប្រាស់កម្មករខ្មែរ ប្រមាណជាង២០នាក់ សម្រាប់ច្រកគ្រុំចូលការ៉ុង និងលើកដាក់ទៅអោយអាជីវករដទៃទៀត ដែលមកទិញគ្រុំពីគាត់ គឺគាត់លក់ចេញវិញក្នុងតម្លៃ១គីឡូក្រាម ១០បាត ហើយគ្រុំខៀវដែលច្រកហើយ ក្នុង១ការ៉ុង ៣៦គីឡូក្រាម ។ ក្នុងមួយថ្ងៃៗ ម៉ូយធំៗរបស់គាត់មាន៣នាក់ ដែលបានមកលើកយកជាប្រចាំដោយម្នាក់ៗ ទិញពីគាត់ចំនួន ៤០០០ គីឡូក្រាម ក្នុង១ថ្ងៃ ដូច្នេះគាត់ត្រូវទទួលយកមកពីភាគីកម្ពុជា ក្នុង១ថ្ងៃចំនួន១២០០០ គីឡូក្រាម ស្មើនឹង១២ តោន ក្នុង១ថ្ងៃសម្រាប់ចែកចាយ ទៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្ត ឈុនបុរី សមុទ្រប្រាកាន បាងកក ត្រាត
រៈយ៉ង ឆាក់ឈើងសៅ ស្រះកែវ ។ល។
លោក ឆាវ សម្បត្តិ អាយុ៤០ឆ្នាំ រស់នៅខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ បាននិយាយថា រូបលោកផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋថៃដទៃទៀតដែរ គឺចូលចិត្តបរិភោគ ហយម្ល៉ែងភូ ជាទីបំផុត ព្រោះវាមានរសជាតិឆ្ងាញ់ ម្យ៉ាងទៀតគឺយើងអាចទទួលទានវាបានតែ៤ខែ
ប៉ុណ្ណោះក្នុង១ឆ្នាំ ដោយតម្លៃនៅតាមទីផ្សារ ក្នុងខេត្តឆាក់ឈើងសៅ គឺ ចាប់ពី ២០ បាត ទៅ៣០ បាត ក្នុង១គីឡូក្រាម ទៅតាមខ្នាតតូច ខ្នាតធំ ប៉ុន្តែសម្រាប់រូបលោក គឺចូលចិត្តគ្រុំខៀវណាដែលមានខ្នាតធំទើបឆ្ងាញ់ ដោយបច្ចុប្បន្នគ្រុំខៀវ នៅតែពេញនិយមតាមបណ្តាទីផ្សារ នានាក្នុងប្រទេសថៃ។
ដូច្នះសមត្ថកិច្ចជំនាញត្រូវជួយបង្ហាត់បង្រៀនឲ្យពលរដ្ឋខ្មែរចេះចិញ្ចឹមនិងរក្សាការពារបន្ថែមទៀតចំពោះគ្រុំខៀវនេះ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនិងមោទនភាពជាតិខ្មែរយើង ៕