បាត់ដំបង ៖ ម្តាយបង្ខំកូនស្រីអោយរៀបការជាមួយអនិកជន ដែលនាងមិនស្រលាញ់ ការបានប្រហែល១ខែ និងឃាត់ឃាំងមិនអោយទៅភ្នំពេញ រៀនបន្ត កូនស្រីបានយករូបចងកសម្លាប់ខ្លួន និងចង្រឹងបង្អួចក្នុងបន្ទប់លើផ្ទះ ពេលឃើញហេតុការណ៍នេះ ម្តាយបានសន្លប់បាត់ស្មារតី កាលពីវេលាម៉ោង១៧ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ។
តាមប្រភព អ្នកជិតខាងបានអោយដឹងថា ក្មេងស្រីរងគ្រោះត្រូវម្តាយបង្ខំអោយរៀបការ ជាមួយអនិកជន (អ្នករស់នៅក្រៅប្រទេសកម្ពុជា) នាងក៏ព្រមរៀបការតាមម្តាយ ទាំងទុក្ខក្រៀមក្រំ បានរយៈពេលជិត១ខែ ព្រោះនាងមានអ្នកដែលស្រលាញ់លាក់ទុកក្នុងចិត្ត នៅភ្នំពេញរួចហើយ ។ លុះល្ងាចថ្ងៃកើតហេតុ ឮថាជនរងគ្រោះសុំម្តាយទៅភ្នំពេញ តែម្តាយមិនអនុញ្ញាតអោយទៅ ទើបចងក៏សម្លាប់ខ្លួន ។
លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោលបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ លឿង អេងលី អាយុ ២១ ឆ្នាំ ។ វត្ថុតាងមានរូប (អាវរាត្រី) ចងជាប់កនិងចង្រឹងបង្អួច និងមានថ្នាំរុំខ្លាញ់បេះដូងនៅក្បែរខ្លួនផងដែរ ។ មានឪពុកឈ្មោះ លឿង ម៉ាន់ អាយុ៤៥ឆ្នាំនិងម្តាយឈ្មោះ អៀ វិច្ឆិកា អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ (ពេលកើតហេតុឪពុករងគ្រោះមិននៅផ្ទះទេ) ។
តាមប្រភពសាច់ញាតិជនរងគ្រោះបានអោយដឹងថា ក្រោយពីរៀបការរួច ជនរងគ្រោះបានសុំម្តាយទៅរៀននៅភ្នំពេញបន្ថែម ប៉ុន្តែម្តាយនាងថា ចាំភ្ជុំបិណ្ឌរួចចាំទៅភ្នំពេញ ។ បញ្ហានេះប្រហែលជនរងគ្រោះមិនបានជួបសង្សា ឬមនុស្សជាទីស្រលាញ់តាមការណាត់ ទើបធ្វើអត្តឃាតយ៉ាងដូច្នេះ ។ មុនពេលកើតហេតុ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ជនរងគ្រោះបានឡើងទៅលើផ្ទះចូលបន្ទប់ដេក លុះដល់ម៉ោង១៧ថ្ងៃដដែល ម្តាយជនរងគ្រោះបានឡើងទៅហៅដាស់កូនស្រីអោយងើប ពេលនោះមិនមានការឆ្លើយតបវិ ញហើយទ្វាបន្ទប់បានចាក់សោរពីក្នុងទៀត ដោយមានការសង្ស័យ ម្តាយបានហៅបងប្អូនគាស់ទ្វារច្រានចូល ពេលទ្វារ បើកម្តាយឃើញកូនចងកគាត់បានសន្លប់បាត់ស្មារតី ។ សាច់ញាតិបានដឹកជនរងគ្រោះឈ្មោះ លឿង អេងលី ទៅមន្ទីរពេទ្យ តែក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយអោយដឹកយកសពមកធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ។
ក្រុមសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកដោយអាវ រាត្រី និងចង្រឹងបង្អួចសម្លាប់ខ្លួនមែន ៕