ខេត្តក្រចេះ ៖ ឆេះផ្ទះ៤ខ្នងទាំងស្រុង ធ្វើពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់លោកនាយក សាលាអនុវិទ្យាល័យសំបុក សង្ស័យមកពីភ្លើងចង្ក្រាន ដោយម្ចាស់នៅក្រៅផ្ទះ កាលពី វេលាម៉ោង៥នឹង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ភូមិ-ឃុំសំបុក ស្រុកចិត្របូរី ។
សមត្ថកិច្ចនគរបាលស្រុកចិត្របូរីបានឲ្យដឹងថាផ្ទះ ដែលឆេះមានចំនួន០៤ខ្នង មាន ទំហំ២០ម៉ែត្រគុណ០៧ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ។ម្ចាស់ ឈ្មោះ ទាវ បុរី អាយុ៤៨ឆ្នាំជានាយកសាលាអនុវិទ្យាល័យសំបុក និងប្រពន្ធឈ្មោះ ស៊ាង អ៊ាមឆេង អាយុ៤៧ឆ្នាំមានទីលំនៅត្រង់ចំនុចកើតហេតុ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា មុនពេលភ្លើងឆាបឆេះ គឺពួកគាត់បានឃើញលោកគ្រូបង្រៀនដែលជាម្ចាស់ផ្ទះរងគ្រោះបានឌុបប្រពន្ធមកពីក្រុងក្រចេះ ហើយដាក់ប្រពន្ធគាត់នៅខាងមុខផ្ទះ ដោយលោកគ្រូបានធ្វើដំណើរបន្តទៅចម្ការ។ មួយសន្ទុះក្រោយមកស្រាប់តែគេឃើញអណ្តាតភ្លើងឆាបឆេះចេញពីចង្ក្រានបាយយ៉ាងខ្លាំងហើយក៏ឆាបឆេះរាលដាលបន្តរហូតដល់ខាងមុខផ្ទះយ៉ាងលឿនជាហេតុមិនអាចជួយពន្លត់បានទាន់ពេលវេលាឡើយ បើទោះជាមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី ។
នគរបាលបានបន្តថា មូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះ កើតឡើងគឺសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងមកពីភ្លើងចង្ក្រាន ព្រោះផ្ទះជនរងគ្រោះមិនទាន់តចរន្តអគ្គិសនីប្រើប្រាស់ឡើយ ។
គ្រាដែលឆេះសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ចំនួន០២គ្រឿងនិងរថយន្តរបស់អធិការដ្ខាននគរបាលស្រុកចិត្របុរី០១គ្រឿងផងដែរមកជួយបាញ់ទឹកពន្លត់ ប៉ុន្តែគួរអោយស្តាយ ព្រោះមិនអាចសង្គ្រោះផ្ទះកើតហេតុបានឡើយ ដោយសារតែពេលភ្លើងកំពុងឆាបឆេះគឺមានខ្យល់បក់បោកមកយ៉ាងខ្លាំង បាញ់ទឹកពន្លត់ មិនទាន់ ប៉ុន្តែបានបាញ់ទឹកការពារមិនអោយភ្លើងឆាបឆេះរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងទាន់ពេលវេលា៕