0

ក្មេង​ប្រុស​ពីរ​នាក់​ជាន់មីន​ផ្ទុះ​រង​របួស​ធ្ងន់​ខណៈ​ឡើង​ភ្នំ ដើម្បីរ​កដក់​ផ្សិត​មក​ស្ល​ហូប​

ក្មេង​ប្រុស​ពីរ​នាក់​ជាន់មីន​ផ្ទុះ​រង​របួស​ធ្ងន់​ខណៈ​ឡើង​ភ្នំ ដើម្បីរ​កដក់​ផ្សិត​មក​ស្ល​ហូប​

ប៉ៃលិន ៖ ក្មេងប្រុស​ពីរ​នាក់​រងរបួស​ធ្ងន់​ម្នាក់​ដាច់​ជើង​ខាង​ឆ្វេង​ត្រឹម​ក្បាលជង្គង់ និង​ម្នាក់​ទៀត ត្រូវ​អំបែង​គ្រាប់​ខ្ទៀត​ត្រូវ​ពេញ​ខ្លួន ខណៈពេលដែល​ក្មេងប្រុស​រងគ្រោះ​ទាំង​ពីរ​នាក់​ឡើង​ភ្នំ ដើម្បី​រក​ដក​ផ្សិត មក​ស្ល​ហូប​ហើយ​ជាន់មីន​ផ្ទុះ ។ ហេតុការណ៍​ផ្ទុះ​មីន​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៩ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​ភ្នំ​ព្រិច ស្ថិតក្នុង​ភូមិ​ប៉ាងរ​លឹម​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ក្រោយពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវបាន​បញ្ចូន​មក​សង្គ្រោះ នៅ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ង​ពេក ទើប​ត្រូវបាន​ក្រុម​គ្រូពេទ្យ​បញ្ចូនទៅ សង្គ្រោះ​បន្ត​នៅ​មន្ទីរ​ខេត្ត​បាត់ដំបង ។​

​លោក កឹម ក្លឹម អាយុ ៤៧ ឆ្នាំ​ជា​ឪពុក​និង​ជាតា​របស់​ក្មេង​រងគ្រោះ​បានឲ្យដឹងថា ប្រុស​រងគ្រោះ​ទី​១-​ឈ្មោះ ក្លឹម អ៊ី​ត អាយុ ៨ ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​គាត់ ត្រូវ​អំបែង​គ្រាប់​ខ្ទៀត​ត្រូវ​ពេញ​ខ្លួន រងរបួស​ធ្ងន់​។​ទី​២-​ឈ្មោះ តិក ត​យ អាយុ ៦ ឆ្នាំ ត្រូវ​ជា​ចៅ​របស់​គាត់ រង​របួស​ដាច់​ជើង​ខាងឆ្វេង ។ ក្មេងប្រុស​ឈ្មោះ តិក ត​យ ជា​ក្មេង​កំព្រា ព្រោះ​ម្តាយ​របស់​គេ​បាន​ស្លាប់ចោល​បាត់​ហើយ​នៅតែ ឪពុក សព្វថ្ងៃ​រស់នៅ​ជាមួយ​គាត់​ស្ថិត ក្នុង​ចំណុច​កើតហេតុ​ខាងលើ  ។ គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​កំបោ ឃុំ​មោង ស្រុក​ស្រីស្នម ខេត្តសៀមរាប ។​

​លោក​បាន​បន្តថា មុនពេល​កើតហេតុ គាត់​នឹង​ក្រុមគ្រួសារ​បាន​នាំគ្នា​ឡើង​លើ​ភ្នំ ដើម្បី​រក​ដក​ផ្សិត​មក​ស្ល​ហូប ។ ពេល​ឡើង​ទៅលើ​ភ្នំ ពួកគេ​បាន​ដើរ​បែកផ្លូវ​គ្នា ដោយ​ក្មេងប្រុស​រងគ្រោះ​ទាំងពីរ នាក់​ទៅ​ជាមួយគ្នា ស្រាប់តែ​មួយ​សន្ទុះ​ក្រោយ ក៏​លឺ​សំលេង​ផ្ទុះ​ប៊ឺង គាត់​និង​អ្នកផ្សេងៗ​ទៀត​បាន​នាំគ្នា​រត់​សំដៅ​ទៅ​រក​មើល​កន្លែង លឺ​សំលេង​ផ្ទុះ ក៏​ឃើញ​កូនប្រុស និង​ចៅ​របស់​គាត់​ត្រូវរបួស​សន្លប់​បាត់ស្មារតី និង​មាន​ឈាម​ហូរ​យ៉ាងខ្លាំង ក៏​នាំគ្នា​សែង​យក​ផ្ទះ​ហើយ​បញ្ចូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​តែម្តង ។​

​លោក ឌី ម៉េង​អ៊ី​ម មេភូមិ​ប៉ាង​រលឹម​បានឲ្យដឹងថា តំបន់​ភ្នំ​នេះ​គឺ​ខាង​ស៊ីម៉ាក់​បាន​ចុះ​សិក្សា​រួចហើយ និង​បាន​ដាក់ ផ្លាក់សញ្ញា​គ្រោះថ្នាក់ (​មាន​គ្រាប់មីន​) ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ឡើយ តែ​គាត់​នៅតែ​ឡើងទៅ ទើប​បណ្តាល​ជាន់​គ្រាប់មីន​ផ្ទុះ​បែបនេះ ។​

​លោក គង់ សំណាង មេ​ប៉ុស្តិ៍​សង្កាត់​អូរ​តា​វ៉ៅ បានឲ្យដឹងថា គ្រាប់មីន​ដែល​ផ្ទុះ​បណ្តាល​ឲ្យ​ក្មេងប្រុស​ទាំង ពីរ​នាក់​រងរបួស​នោះ ជា​ប្រភេទ​គ្រាប់មីន ៧២ A (​សញ្ញា​បូក​របស់​សូ​វៀត​) ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ។​
​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ផ្ទុះ​មីន​បណ្តាលឲ្យ​មាន​ក្មេង​ប្រុស​ពីរ​នាក់​រង​របួស លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​ជួយ​ឧបត្ថម​ជា​ថវិកា​ចំនួន ១​លាន​រៀល​ដល់​ក្រុមគ្រួសារ​ក្មេងប្រុស រង​ទាំង​ពីរ​នាក់ ដើម្បី​យក​ទៅ​ព្យាបាល​របួស​ផងដែរ ។​

​លោក លោក កឹម ក្លឹម ត្រូវជា​ឪពុក និង​ជាតា​របស់​ក្មេងប្រុស​រងគ្រោះ បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​ឯកឧត្តម កើត សុធា ដែល​បាន​ជួយ​ដល់​គ្រួសារ​គាត់​នៅពេល​ដែល​ជួប​គ្រោះថ្នាក់​នេះ ៕
​សំ កូ​លីន​

2014_09_09c4 (1) 2014_09_09c4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment